លោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥!

លោក ទូច សុឃៈ ពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិ កុំឱ្យភ្លេចភារកិច្ចស្នូលទាំង១៥!

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកយកខ្លឹមសារនៃប្រកាសលេខ៨៧៣ ស្តីពី បទវិន័យនគរបាលជាតិកម្ពុជា ត្រង់ជំពូកទី៣ ប្រការ៩ មកអត្ថាធិប្បាយបង្ហាញ និងរំលឹកឡើងវិញនូវភារកិច្ចស្នូលចំនួន១៥ចំណុច ដើម្បីពញ្ញាក់ស្មារតីមន្ត្រីនគរបាលជាតិកុំឱ្យភ្លេចភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។

ភារកិច្ចនគរបាល

បើតាមលោក ទូច សុឃៈ ភារកិច្ចសំខាន់ៗទាំង១៥ចំណុច រួមមាន៖ ទី១. គោរព និងប្រតិបត្តិដោយស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល ព្រមទាំងតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។ ទី២. ផ្តល់សេវាជូនប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវសីលធម៌ យុត្តិធម៌ និងភាពមិនលម្អៀង។ ទី៣. រក្សាកិត្តិយស ឥស្សរភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ។ ទី៤. រក្សាការសម្ងាត់របស់ជាតិ ក្រសួង និងអង្គភាពខ្លួន។ ទី៥. មានអព្យាក្រឹត្យភាពជានិច្ចក្នុងការបំពេញតួនាទី។

កិច្ចប្រជុំ

ទី៦. បញ្ចេញមតិយោបល់ដោយប្រុងប្រយ័ត្ន គិតដល់ការប្រតិកម្មតបពីសាធារណជន។ ទី៧. បំពេញភារកិច្ចដោយឈរលើគោលការណ៍ស្មើភាពគ្នា គោរពសិទ្ធិមនុស្ស មិនរើសអើង។ ទី៨. មានមនសិការការងារ ការទទួលខុសត្រូវ និងគណនេយ្យភាព។ ទី៩. មានការប្តេជ្ញាចិត្ត ឆន្ទៈមោះមុត ក្លាហាន ម៉ឺងម៉ាត់ និងសុភាពរាបសារ។ ទី១០. ខិតខំអភិវឌ្ឍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈតាមរយៈការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាល។

ទី១១. មានគំនិតច្នៃប្រឌិត ឧស្សាហ៍ព្យាយាម សាមគ្គីភាព និងសហការ។ ទី១២. ទំនាក់ទំនងជាមួយព្រះសង្ឃ អាចារ្យ ដូនជី ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋដោយរួសរាយរាក់ទាក់។ ទី១៣. ចាត់ទុកនិមិត្តសញ្ញាអង្គភាព និងមុខតំណែងជានិមិត្តរូបនៃការជឿទុកចិត្តពីសាធារណជន។ ទី១៤. ប្រើប្រាស់សិទ្ធិអំណាចតាមផ្លូវច្បាប់ដើម្បីបម្រើសង្គមជាតិ។ ទី១៥. ប្រើប្រាស់កម្លាំងក្នុងកាលៈទេសៈចាំបាច់បំផុត ហើយស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សន្តិសុខ

គួររម្លឹកថា ប្រកាសលេខ៨៧៣ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មាន៧ជំពូក និង៣៥មាត្រា ក្នុងគោលដៅលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និងប្រសិទ្ធភាពការងាររបស់មន្ត្រីនគរបាលជាតិ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។

ដោយ៖ លោក សេង បូលីន

administrator

Related Articles