រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងកាត់បន្ថយភាពចង្អៀតណែននៅក្នុងមណ្ឌលឃុំខ្លួន មណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) បានសម្រេចផ្ទេរជនជាប់ឃុំចំនួន ១០០នាក់ ទៅឃុំខ្លួនបន្តនៅមណ្ឌលអប់រំកែប្រែទី៤ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។

នេះបើយោងតាមការប្រកាសរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបានឲ្យដឹងថា ការផ្ទេរនេះ ធ្វើឡើងក្រោមការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការសហការពីសមត្ថកិច្ចគោលដៅ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិការនេះ ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ឈ ន សា ណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថា វរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោក ឧត្តមអគ្គានុរក្ស.១ ឈឹ ម សុ ផា ន ណា រ៉ាត ប្រធាននាយកដ្ឋានប្រតិបត្តិ ចុះបញ្ជាផ្ទាល់ដឹកនាំកម្លាំងប្រតិបត្តិការប្រកបដោយសុវត្ថិភាព។

ការផ្ទេរនេះ ធ្វើឡើងដោយមានការរៀបចំយ៉ាងល្អិតល្អន់ ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងមណ្ឌលឃុំខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាការបន្តអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ប្រព័ន្ធពន្ធនាគារ ដើម្បីសម្រួលដល់ការគ្រប់គ្រង និងធានាបាននូវសិទ្ធិមនុស្សសម្រាប់ជនជាប់ឃុំគ្រប់រូប។

