ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដោយបង្ហាញថា ព្យុះទី៤ ឈ្មោះស៊ីនឡាតូ (Sinlaku) T2604 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ប៉ុន្តែគន្លងផ្លូវដើររបស់វាពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។

ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នឹងមានលក្ខណៈដូចខាងក្រោម៖
១. តំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៤°C ដល់ ៣៧°C ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២៥°C ដល់ ៣៦°C ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿន ៣ម៉ែត្រ/វិនាទី។ ខេត្តមណ្ឌលគិរី និងរតនគិរី អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៤°C ដល់ ៣៦°C ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់ពី ០.៥០ម៉ែត្រ ដល់ ១.០០ម៉ែត្រ។
សូមសាធារណជនទទួលជ្រាបជាព័ត៌មាន។
