
ខេត្តមណ្ឌលគិរី – កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី បានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅអគារពាណិជ្ជកម្មចិនមួយកន្លែង ក្នុងក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ មេសា ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងតាមសំណើអន្តរាគមន៍ពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីស្វែងរកពលរដ្ឋខ្លួន។ ក្នុងអំឡុងពេលប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញការជួបជុំស្នាក់នៅរបស់ជនបរទេសយ៉ាងច្រើនខុសប្រក្រតី។

លទ្ធផលប្រតិបត្តិការ អាជ្ញាធរបានឃាត់ខ្លួនជនបរទេសសរុប ២៦២ នាក់ (ស្រី ៤៧ នាក់) ពី៩សញ្ជាតិ រួមមានជនជាតិចិន១៣៥នាក់ ថៃ៥៨នាក់ ឥណ្ឌា៣០នាក់ មីយ៉ាន់ម៉ា២២នាក់ និងសញ្ជាតិផ្សេងៗទៀត។

សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រលើតុ៤២០គ្រឿង និងទូរសព្ទដៃ១,៤៥០គ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងសកម្មភាពឆបោក។

តាមការស៊ើបអង្កេត ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់បច្ចេកវិទ្យាឆបោកជនរងគ្រោះតាមពីររូបភាពធំៗ៖ គោលដៅប្រទេសថៃដោយប្រើរូបភាពក្លែងបន្លំលក់ទំនិញតាមអនឡាញ និងការវិនិយោគលើរូបិយប័ណ្ណឌីជីថល (Crypto)។

ជនជាតិថៃដែលត្រូវបានឃាត់ខ្លួនបានបំភ្លឺថា ពួកគេត្រូវបានអូសទាញឱ្យលួចឆ្លងដែនខុសច្បាប់តាមច្រកខេត្តបន្ទាយមានជ័យ ក្រោមការសន្យាផ្តល់ប្រាក់ខែខ្ពស់ (២០,០០០ ដល់ ៤០,០០០ បាត) ប៉ុន្តែនៅពេលមកដល់ បែរជាត្រូវបានបង្ខំឱ្យធ្វើការងារឆបោកតាមអនឡាញ។

បច្ចុប្បន្ន មេខ្លោងចំនួន៣នាក់ (ចិន២នាក់ និងមីយ៉ាន់ម៉ា១នាក់) រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមច្បាប់។ ចំណែកជនបរទេស២៥៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានសង្កត់ធ្ងន់ថា កម្ពុជាបានដាក់ចេញនូវ«ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ដែលទើបចូលជាធរមាននៅថ្ងៃទី០៧ មេសា ២០២៦។ ច្បាប់ថ្មីនេះមានទោសទណ្ឌធ្ងន់ធ្ងរ រហូតដល់ដាក់ពន្ធនាគារអស់មួយជីវិត។
អាជ្ញាធរក៏បានក្រើនរំលឹកដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារ ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងជួលទីតាំង ដើម្បីជៀសវាងការធ្លាក់ខ្លួនចូលរួមចំណែកក្នុងសកម្មភាពឧក្រិដ្ឋកម្ម។
