ពិធីទទួលទេវតាឆ្នាំថ្មី និងបើកព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» យ៉ាងអធិកអធម នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

ពិធីទទួលទេវតាឆ្នាំថ្មី និងបើកព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» យ៉ាងអធិកអធម នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ

រាជធានីភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស ២៥៦៩ ឈានចូល២៥៧០។

ពិធីទទួលទេវតាឆ្នាំថ្មី

ក្នុងពិធីប្រពៃណីជាតិខ្មែរដ៏សំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។

ពិធីបុណ្យចូលឆ្នាំថ្មី

ពិធីទទួលទេវតា ជាព្រឹត្តិការណ៍មួយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងគោរពប្រែនិបត្តិតាមជំនឿបុរាណ។ សម្រាប់ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គឺចំថ្ងៃអង្គារ៍ ជាវេនរបស់រាជបុត្រីទី៣នៃកបិលមហាព្រហ្ម ព្រះនាម “រាក្យសាទេវី”។

ទេវតាឆ្នាំថ្មី

ទ្រង់យាងចុះនៅថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨ នាទីព្រឹក ចំថ្ងៃទី១ នៃពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ព្រឹត្តិការណ៍នគរសង្ក្រាន្ត

សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា។ កម្មវិធីនេះមានទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ។

កម្មវិធីវប្បធម៌

ទីតាំងសំខាន់ៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ និងតំបន់ផ្លូវថ្មើរជើងចតុមុខ។

ទីតាំងព្រឹត្តិការណ៍

នៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង។

ស្តង់តាំងផលិតផលខ្មែរ

ព្រឹត្តិការណ៍នេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ ផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក។

ភ្ញៀវទេសចរ

ពិធីនេះបានបង្ហាញពីស្មារតីការរួបរួមសាមគ្គី នៃមហាគ្រួសារខ្មែរតែមួយ និងការថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។

សាមគ្គីភាពខ្មែរ

អត្ថបទសរសេរដោយ ចន ណារិទ្ធ
កែសម្រួលដោយ ធីតា

administrator

Related Articles