ខេត្តកំពង់ស្ពឺ – មន្ត្រីយោធាម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីផ្ទុះកាំភ្លើងខ្លីបាញ់អ្នកភូមិម្នាក់បណ្តាលឱ្យបែកប្រអប់ជើង ដោយសារតែខឹងគេនិយាយឌឺដងនិងមើលងាយខ្លួន។

នគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ហេតុការណ៍ហិង្សាដោយចេតនាបានកើតឡើងនៅវេលាម៉ោង ៣:៥០ រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅផ្ទះម្តាយក្មេកជនរងគ្រោះ ក្នុងភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ។
ជនសង្ស័យដៃដល់ឈ្មោះ កង វិឈិន អាយុ៤២ឆ្នាំ ជាមន្ត្រីយោធានៅភូមិវាល ខណៈជនរងគ្រោះឈ្មោះ អាន រ៉ាវុធ អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិដូចគ្នា។
តាមការបញ្ជាក់ពីនគរបាល មុនពេលកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះ។ ក្រោយមក ជនរងគ្រោះបានដើរចូលទៅរកជនសង្ស័យ ហើយកង វិឈិនក៏បានផ្ទុះកាំភ្លើងខ្លីម៉ាកកា៥៩ ចំនួន២គ្រាប់។
គ្រាប់ទី១បានបាញ់ឡើងលើ រីឯគ្រាប់ទី២បាញ់ត្រូវប្រអប់ជើងខាងឆ្វេងជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈនៅភ្នំពេញ។
ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានចូលមកប្រគល់ខ្លួនជូនសមត្ថកិច្ច រួមជាមួយវត្ថុតាងកាំភ្លើងខ្លីម៉ាកកា៥៩មួយដើម និងគ្រាប់ចំនួន៣គ្រាប់។
នៅម៉ោង ៤:២០ រសៀលដដែល ប្អូនស្រីជនរងគ្រោះឈ្មោះ កយ វណ្ណាក់ អាយុ២៧ឆ្នាំ បានដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលាចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនដៃដល់។
តាមសារភាពរបស់ជនសង្ស័យ ខ្លួនបានទទួលស្គាល់ថាពិតជាបានធ្វើសកម្មភាពបាញ់កាំភ្លើងខ្លីម៉ាកកា៥៩ ចំនួន២គ្រាប់ ដោយអះអាងថា “គ្រាន់តែបាញ់គំរាមទេ”។ មូលហេតុដែលឈានទៅដល់បាញ់ ដោយសារជនរងគ្រោះនិយាយឌឺដងនិងប្រើពាក្យសម្តីមើលងាយលើរូបខ្លួន។
សមត្ថកិច្ចបានកសាងសំណុំរឿងពេញលេញ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តតាមផ្លូវច្បាប់។
