ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងថ្មីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅពេលដែលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន។

ព្យុះនេះបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែគន្លងផ្លូវដើររបស់វាពុំមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជានោះទេ។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសមានការប្រែប្រួលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពនឹងមានពី២៤°C ដល់៣៧°C ដោយខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។

ចំណែកខេត្តបន្ទាយមានជ័យ តាកែវ ស្វាយរៀង និងព្រៃវែង ពុំមានភ្លៀងធ្លាក់ទេ។
សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពនឹងមានពី២៥°C ដល់៣៦°C ដោយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវ៉ាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។
ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពនឹងមានពី២៤°C ដល់៣៦°C ដោយខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។

រលកសមុទ្រនឹងមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងតាមដានព័ត៌មានអាកាសធាតុយ៉ាងជិតស្និទ្ធ ជាពិសេសសម្រាប់អ្នកដែលមានផែនការធ្វើដំណើរឬធ្វើស្រែចំការ។
