ខេត្តកំពង់ចាម – កម្លាំងនគរបាលក្រុងកំពង់ចាមបានធ្វើប្រតិបត្តិការជោគជ័យក្នុងការទប់ស្កាត់បទល្មើសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយឃាត់ខ្លួនយុវជនម្នាក់ដែលកំពុងប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកចូលរួមពិធី។

តាមការបញ្ជាក់ពីមន្ត្រីនគរបាល ការប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងពិធីសង្ក្រាន្ត។
ថ្ងៃទី១៣ មេសា ឆ្នាំ២០២៦ នៅម៉ោង១០:៣០នាទី កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យឈ្មោះ គា ដែន អាយុ១៨ឆ្នាំ ក្នុងបរិវេណកម្មវិធីសង្ក្រាន្តមុខសាលាខេត្តកំពង់ចាម។ ជនសង្ស័យនេះធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពីបទលួចពីមុន។
ក្នុងពេលឆែកខ្លួន នគរបាលបានរកឃើញវត្ថុតាងដាក់ជាប់តាមខ្លួនរួមមានកន្ត្រៃកាត់ដែកតូចមួយ និងទូរស័ព្ទអាយហ្វូន ១២ប្រូមិច។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យផ្តល់កិច្ចសហការ និងព័ត៌មានដល់សមត្ថកិច្ចជាបន្ទាន់ នៅពេលឃើញសកម្មភាពសង្ស័យក្នុងកន្លែងកំសាន្ត។
