ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព្រមានពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដែលព្យាករថា ខេត្តជាច្រើននៅកម្ពុជា រួមទាំងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ខ្លាំងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។

យោងតាមការប៉ាន់ស្មានរបស់ក្រសួង តំបន់វាលទំនាបដែលរួមមាន ខេត្តពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ១៥%។
ស្ថានភាពនេះកើតឡើងដោយសារឥទ្ធិពលពីព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ទោះបីជាគន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជាក៏ដោយ។

សីតុណ្ហភាពនៅតំបន់វាលទំនាបនឹងមានពី ២៤°C ដល់ ៣៧°C ដោយមានខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ ដែលមានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ចំណែកខេត្តបន្ទាយមានជ័យ បាត់ដំបង និងសៀមរាប ពុំមានភ្លៀងធ្លាក់ទេ។
សម្រាប់តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១០%។

តំបន់មាត់សមុទ្ររួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់ដែរ ដោយមានរលកសមុទ្រកម្ពស់ពី ០.៥០ម៉ែត្រ ដល់ ១.០០ម៉ែត្រ។
ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងរៀបចំខ្លួនសម្រាប់ការផ្លាស់ប្តូរធាតុអាកាសដែលនឹងបន្តរហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។
