មន្ត្រីយោធាបាញ់ប្រជាពលរដ្ឋដោយសារខឹងពាក្យសំដី នៅកំពង់ស្ពឺ

មន្ត្រីយោធាបាញ់ប្រជាពលរដ្ឋដោយសារខឹងពាក្យសំដី នៅកំពង់ស្ពឺ

កំពង់ស្ពឺ – មន្ត្រីយោធាម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្រោយពីបាញ់កាំភ្លើងខ្លីធ្វើឲ្យប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ ដោយសារតែខឹងពាក្យសំដីឌឺដងនិងមើលងាយរូបខ្លួន។

ការបាញ់កាំភ្លើងនៅកំពង់ស្ពឺ

នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីហិង្សាដោយចេតនាប្រើប្រាស់អាវុធបានកើតឡើងនៅវេលាម៉ោង ៣:៥០ រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ។

ជនសង្ស័យដៃដល់គឺ កង វិឈិន អាយុ៤២ឆ្នាំ ជាមន្ត្រីយោធា ដែលបានប្រើកាំភ្លើងខ្លីម៉ាក K59 បាញ់២គ្រាប់ ដោយគ្រាប់ទី២បាញ់ត្រូវប្រអប់ជើងខាងឆ្វេងជនរងគ្រោះ។

ជនរងគ្រោះគឺ អាន រ៉ាវុធ អាយុ២៨ឆ្នាំ ដែលបច្ចុប្បន្នត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមះ (ពេទ្យលោកសង្ឃ) នៅភ្នំពេញ ដើម្បីព្យាបាល។

យោងតាមការសារភាពរបស់ជនសង្ស័យ គាត់បានទទួលស្គាល់ថាពិតជាបានបាញ់កាំភ្លើង ដោយអះអាងថា “គ្រាន់តែបាញ់គំរាមទេ”។ មូលហេតុដែលនាំឲ្យគាត់បាញ់កាំភ្លើង គឺដោយសារជនរងគ្រោះបាននិយាយឌឺដង និងប្រើពាក្យសំដីមើលងាយលើរូបគាត់ជាមន្ត្រីយោធា។

ការស៊ើបអង្កេតរបស់នគរបាល

ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានចូលមកប្រគល់ខ្លួនជូនសមត្ថកិច្ច រួមជាមួយនឹងវត្ថុតាងកាំភ្លើងខ្លីម៉ាក K59 មួយដើម និងគ្រាប់កាំភ្លើង៣គ្រាប់។

នគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ និងរកឃើញវត្ថុតាងរួច សំណុំរឿងត្រូវបានរៀបចំដើម្បីបន្តតាមផ្លូវច្បាប់។

អត្ថបទសរសេរដោយ អ៊ំ ណូន
កែសម្រួលដោយ ធីតា

administrator

Related Articles