ខេត្តសៀមរាប៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រព្រឹត្តអំពើឃាតកម្មយ៉ាងឃោរឃៅលើក្មួយប្រុសអាយុត្រឹម៥ឆ្នាំ ដោយសារតែគំនុំផ្ទាល់ខ្លួនក្នុងគ្រួសារ។

ហេតុការណ៍ដ៏សែនឈឺចាប់នេះ កើតឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កុមាររងគ្រោះឈ្មោះ ដួង ពេជ្ជរ៉ា ត្រូវបានបាត់ខ្លួនកាលពីថ្ងៃទី១៤ មេសា ២០២៦ ដែលធ្វើឲ្យម្តាយរត់រកទាំងយប់ និងប្រញាប់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។
ក្រោយការស្រាវជ្រាវយ៉ាងម៉ត់ចត់ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យ គឺឈ្មោះ ឆេន សុខ អាយុ២៨ឆ្នាំ ដែលជាអតីតបងថ្លៃរបស់គ្រួសារសព។ ជនសង្ស័យបានសារភាពថា ខ្លួនបានបោកបញ្ឆោតក្មួយ នាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែ បន្ទាប់មកប្រើកាំបិតចាក់ និងអារកសម្លាប់យ៉ាងព្រៃផ្សៃ។

មូលហេតុដ៏មិនគួរឲ្យជឿនេះ កើតចេញពីការខឹងសម្បាររបស់ជនសង្ស័យ ដោយអះអាងថា ម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារបែកបាក់។ គំនុំតូចមួយនេះ បានបម្លែងទៅជាអំពើឃាតកម្មដ៏អាក្រក់បំផុត។
សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ដែលជាលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតវត្ថុតាងសំខាន់ៗ រួមមានម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។

ករណីឃាតកម្មនេះ កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការក្នុងថ្ងៃទី១៦ ខែមេសា ដើម្បីចាត់ការផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់។
ការអនុវត្តការងារនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីអយ្យការ។
