រាជធានីភ្នំពេញ – ក្រសួងការពារជាតិកម្ពុជាបានបដិសេធយ៉ាងខ្លាំងក្លាចំពោះព័ត៌មានក្លែងក្លាយដែលថៃបានផ្សព្វផ្សាយ ដោយអះអាងថាកម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះព័ត៌មានមិនពិតនេះ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម និងសារព័ត៌មានរបស់ថៃ។ លោកជំទាវបានច្រានចោលព័ត៌មាននេះថាជាការក្លែងក្លាយ និងមានចេតនាបង្កការភ័ន្តច្រឡំដល់សាធារណមតិជាតិ និងអន្តរជាតិ។
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ថៃបានបិទច្រកព្រំដែនដោយឯកតោភាគី ដូច្នេះប្រសិនបើចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃក្នុងការបើកឡើងវិញជាឯកតោភាគីផងដែរ។ កម្ពុជាតែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប និងត្រឹមត្រូវ។»

ក្រសួងការពារជាតិបានអំពាវនាវឱ្យសាធារណជនទាំងអស់ប្រុងប្រយ័ត្ន ចៀសវាងការចាញ់បោកបញ្ឆោតព័ត៌មានមិនពិត និងក្លែងក្លាយទាំងនេះ ដោយត្រូវធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុនពេលចែករំលែក។
ក្នុងសេចក្ដីជូនដំណឹងចុងក្រោយ ក្រសួងការពារជាតិបានស្នើសុំឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទទួលយកព័ត៌មាននេះជាការផ្លូវការ។

