ខេត្តត្បូងឃ្មុំ៖ ភ្លៀងកក់ខែ១មេធំដែលលាយឡំជាមួយខ្យល់កន្ត្រាក់បានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងរលំរាបដល់ដី នៅសល់តែជើងសសរ និងជណ្ដើរឈរឆ្កឹងប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចូលឆ្នាំទី២ វេលាប្រមាណជាម៉ោង១៥ ទៅម៉ោង១៦ រសៀល នៅភូមិកន្លែងចក ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

លោកវរ:សេនីយ៍ឯក វង្ស សុភី អធិការស្រុកអូរាំងឪបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស្រាំ គ្រាង ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរកសិករ។ ផ្ទះទំហំ៨×៩ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ដួលរាបដល់ដី សង្កត់លើម៉ូតូចំនួន៤គ្រឿងរងការខូចខាតស្រាល និងកង់អាគុយ១គ្រឿងខូចខាតទាំងស្រុង។

លោកអធិការស្រុកបញ្ជាក់ថា ករណីរលំផ្ទះនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។

បើតាមរបាយការណ៍របស់លោក ជា ណារ៉ុន អភិបាលស្រុកអូរាំងឪ ផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំមៀនរងផលប៉ះពាល់ចំនួន២៣ខ្នងផ្ទះ និងនៅក្នុងឃុំអំពិលតាពកចំនួន១ខ្នងផ្ទះ សរុប២៤ខ្នងផ្ទះ ក្នុងនោះដួលរាបដល់ដី១ខ្នងផ្ទះ។



