ខេត្តតាកែវ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តតាកែវបានទទួលភ្ញៀវទេសចរជាង៩០ម៉ឺននាក់ ដែលបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងតំបន់។

តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តតាកែវ ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល៣ថ្ងៃបានបង្ហាញថា៖ ថ្ងៃទី១៤ ទទួលភ្ញៀវ១៦ម៉ឺននាក់ ថ្ងៃទី១៥ ទទួលភ្ញៀវ២០ម៉ឺននាក់ និងថ្ងៃទី១៦ ទទួលភ្ញៀវជិត៤០ម៉ឺននាក់។ សរុបទាំង៣ថ្ងៃមានភ្ញៀវទេសចរសរុប៩០៨,៨២៤នាក់ ដោយក្នុងនោះមានភ្ញៀវបរទេស៧,៣១៦នាក់។

អាជ្ញាធរខេត្តតាកែវបានរៀបចំកម្មវិធីសង្ក្រាន្តពិសេស ដោយមានល្បែងប្រជាប្រិយ ល្បែងទាញព្រាត់យក្សប្រវែង៨០ម៉ែត្រ និងការប្រគំតន្ត្រីពី DJ ល្បីៗនៅសួនច្បារមាត់បឹងតាកែវ។ កន្លែងកំសាន្តត្រូវបានរៀបចំនៅតាមរមណីយដ្ឋានទេសចរនានា និងវត្តអារាមជុំវិញខេត្ត។
ប្រជាពលរដ្ឋទាំងក្នុងស្រុក និងភ្ញៀវទេសចរបានរីករាយជាមួយកម្មវិធីសប្បាយៗ ដែលជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ និងជម្រុញវិស័យទេសចរណ៍ឱ្យរីកចម្រើន។
ដោយ៖ តារា
ប្រភព៖ មន្ទីរព័ត៌មានខេត្តតាកែវ
