ភ្នំពេញ៖ បរិមាណសំរាមនៅរាជធានីភ្នំពេញបានថយចុះយ៉ាងគួរឱ្យកត់សម្គាល់ក្នុងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដោយមានតែ២,១៩០,៤៥តោនប៉ុណ្ណោះដែលត្រូវបានប្រមូលទុកដាក់ ដែលជាការថយចុះ៤៨ភាគរយធៀបនឹងបរិមាណសំរាមប្រចាំថ្ងៃនៅថ្ងៃធម្មតា។

ក្រសួងបរិស្ថានបានបង្ហាញថា តាមទិន្នន័យពីសេវាប្រមូលសំរាម ស្ថានភាពសំរាមក្នុងឱកាសបុណ្យចូលឆ្នាំឆ្នាំនេះបានបង្ហាញសញ្ញាវិជ្ជមានយ៉ាងច្បាស់។ សរុបទាំង៣ថ្ងៃនៃពិធីបុណ្យ សំរាមចំនួនជាង៧,១៣៤តោនត្រូវបានប្រមូលទុកដាក់ទៅទីលានសំរាមក្នុងរាជធានី។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានពន្យល់ថា ការថយចុះនេះកើតឡើងដោយសារការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

“ការចូលរួមទាំងនេះមិនត្រឹមតែជួយឱ្យទីក្រុងមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានកម្ពុជា” លោកបានអះអាង។

យុទ្ធនាការផ្សេងៗដូចជា “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក” បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទម្លាប់ប្រជាពលរដ្ឋ។

នៅថ្ងៃធម្មតា ក្រុមហ៊ុនប្រមូលសំរាមទាំង៣នៅភ្នំពេញប្រមូលសំរាមពី៤,០០០ទៅ៤,៥០០តោនក្នុងមួយថ្ងៃ ខណៈពេលដែលនៅសរុបទូទាំងប្រទេស សំរាមជាង១ម៉ឺនតោនត្រូវបានប្រមូលជារៀងរាល់ថ្ងៃ ដោយ២០%ជាសំណល់ប្លាស្ទិក។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា កម្ពុជាត្រូវការពង្រឹងការចូលរួមបន្ថែមទៀត ដើម្បីប្រែក្លាយសកម្មភាពទៅជាចលនា និងជំរុញការផ្លាស់ប្តូរផ្នត់គំនិត ការញែកសំរាម ការកែច្នៃសំរាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
ដោយ៖ សំរិត
