ភ្នំពេញ៖ កាលពីវេលាម៉ោង០៤និង៤២នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បុរសម្នាក់ជិះម៉ូតូឌុបនារីម្នាក់ទៀតក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុកខឿនចែកទ្រូងផ្លូវបណ្តាលឱ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកនិច ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជើងទៅត្បូងលឿនមិនប្រយ័ត្នក៏រចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវ។

ជនរងគ្រោះទី១មានឈ្មោះ ចែម សេក ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបែកក្បាលខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនរងគ្រោះទី២មានឈ្មោះ ម៉ៅ ស្រីហាន ភេទស្រី អាយុ១៨ឆ្នាំ រងរបួសបែកស្នៀតផ្កាខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិតាភ្ញា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ក្រោយកើតហេតុជនរងគ្រោះទាំង០២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ។

អ្នកស្រុកនៅក្បែរនោះបានរាយការណ៍ថា សំឡេងបុកខឿនឮខ្លាំងពេក ហើយឃើញម៉ូតូដួលផ្កាប់នៅលើផ្លូវ។ កងសង្គ្រោះបន្ទាន់បានមកដល់ក្នុងរយៈពេលខ្លី ហើយផ្តល់ជំនួយបឋមដល់ជនរងគ្រោះមុននឹងដឹកទៅមន្ទីរពេទ្យ។

សព្វថ្ងៃនេះ ស្ថានភាពរបស់ជនរងគ្រោះទាំងពីរនាក់នៅតែមានការតាមដានពីគ្រូពេទ្យ។ ប៉ូលិសចរាចរណ៍កំពុងស៊ើបអង្កេតហេតុផលនៃគ្រោះថ្នាក់នេះ។
ដោយ៖ សុខាសែនជ័យ
