សហរដ្ឋអាមេរិក៖ សោកនាដកម្មដ៏សែនឈឺចាប់បានកើតឡើងនៅរដ្ឋល្វីហ្សាណា នៅចុងសប្ដាហ៍កន្លងមកនេះ នៅពេលដែលកុមារចំនួន៨នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សាដោយអាវុធ។

អាជ្ញាធរទីក្រុង Shreveport បានរាយការណ៍ថា ការបាញ់ប្រហារបានកើតឡើងនៅយប់ថ្ងៃទី១៨ មកថ្ងៃទី១៩ មេសា ក្នុងតំបន់ភាគខាងជើងរដ្ឋល្វីហ្សាណា។ ប៉ូលិសបានធ្វើអន្តរាគមន៍បន្ទាប់ពីទទួលបានការរាយការណ៍អំពីអំពើហិង្សា និងបានរកឃើញមនុស្សស្លាប់នៅក្នុងផ្ទះចំនួនពីរ។
កុមារទាំង៨នាក់ដែលស្លាប់មានអាយុចន្លោះពី១ឆ្នាំដល់១៤ឆ្នាំ ដោយមួយចំនួនជាកូនរបស់អ្នកបាញ់កាំភ្លើង។ នារីចំនួនពីរនាក់ដែលជាសាច់ញាតិរបស់អ្នកបាញ់ក៏រងរបួសធ្ងន់ផងដែរ។

លោក Tom Arseneaux អភិបាលក្រុង Shreveport បានប្រាប់ទូរទស្សន៍ CNN ថា អ្នកបាញ់កាំភ្លើងត្រូវបានប៉ូលិសបាញ់សម្លាប់ ប៉ុន្តែលោកមិនដឹងច្បាស់ថាតើអ្នកបាញ់កាំភ្លើងត្រូវប៉ូលិសបាញ់ស្លាប់ ឬមួយគេបាញ់សម្លាប់ខ្លួនឯង។
យុវជនម្នាក់ទៀតក៏រងរបួសដោយសារការហក់ទម្លាក់ខ្លួនពីលើដំបូលផ្ទះ ដើម្បីគេចពីគ្រាប់កាំភ្លើង។ អ្នកបាញ់កាំភ្លើងបានរត់គេចខ្លួនបន្ទាប់ពីការបាញ់ប្រហារ ហើយត្រូវប៉ូលិសដេញតាម និងចាប់រថយន្តដែលគេបើករត់។
អត្ថបទសរសេរដោយ ខាន់ សុខឃន
កែសម្រួលដោយ ស្រីណា
