ភ្នំពេញ៖ តម្លៃប្រេងឆៅអន្តរជាតិបានងើបឡើងវិញជាង ៦% ក្នុងការជួញដូរដំបូងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីធ្លាក់ចុះជាង ៩% កាលពីថ្ងៃទី១៧ ខែមេសា។ ការប្រែប្រួលដ៏គួរកត់សម្គាល់នេះកើតឡើងក្រោយព័ត៌មានអំពីច្រកសមុទ្រហ័រមូស (Hormuz) ត្រូវបានបិទម្តងទៀត។

ប្រភពពី Reuters បានចេញផ្សាយថា ការបិទច្រកសមុទ្រនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានអះអាងរៀងខ្លួនថា ភាគីម្ខាងបានរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដោយមានការវាយប្រហារលើបណ្តាកប៉ាល់ដឹកជញ្ជូនកាលពីចុងសប្តាហ៍មុន។
ក្រឡេកទៅប្រេងឆៅ Brent ស្តង់ដាអឺរ៉ុបបានកើនឡើង ៦,១១ ដុល្លារ ឬ ៦,៧៦% តម្លៃដល់ ៩៦,៤៩ ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង ៦ និង ៣០ នាទីព្រឹក (ម៉ោងនៅកម្ពុជា)។ ចំណែកប្រេងឆៅស្តង់ដាសហរដ្ឋអាមេរិក West Texas Intermediate (WTI) មានតម្លៃ ៩០,៣៨ ដុល្លារក្នុង១បារ៉ែល ពោលកើនឡើង ៦,៥៣ ដុល្លារ ឬ ៧,៧៩%។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានអះអាងថា យោធាអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់១គ្រឿង ដែលបានព្យាយាមបំពានការបិទខ្ទប់របស់ខ្លួន។ រីឯអ៊ីរ៉ង់ក៏បានប្រកាសថានឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជុំទី២នោះទេ បើទោះជាលោក ត្រាំ បានគំរាមវាយប្រហារតាមអាកាសឡើងវិញយ៉ាងណាក៏ដោយ។

សហរដ្ឋអាមេរិកនៅតែរក្សាការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់បានបើក បន្ទាប់មកក៏បានបិទច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាច្រកដឹកជញ្ជូនសម្រាប់ការផ្គត់ផ្គង់ប្រេងប្រហែល១ភាគ៥របស់ពិភពលោក។
តាមទិន្នន័យរបស់ក្រុមហ៊ុនតាមដាន និងវិភាគទិន្នន័យប្រេងសកល Kpler បានបង្ហាញថា កប៉ាល់ជាង ២០ គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយបានដឹកប្រេង ឧស្ម័នរាវ លោហធាតុ និងជី ដែលជាចំនួនឆ្លងកាត់ផ្លូវទឹកនេះច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦៕
អត្ថបទសរសេរដោយ វិរៈបុត្រ | កែសម្រួលដោយ ធីតា
