ស្ថានការណ៍នៅមជ្ឈិមបូព៌ាមានសញ្ញាធូរស្រាលវិញ បន្ទាប់ពីលោក ដូណាល់ ត្រាំ សម្រេចពន្យារពេលសង្គ្រាមជាមួយអ៊ីរ៉ង់ជាបណ្ដោះអាសន្ន។ ក្រោយពីគំរាមទម្លាក់គ្រាប់បែកយ៉ាងខ្លាំង លោកត្រាំបែរជាបើកភ្លើងខៀវឲ្យទីក្រុងតេហេរ៉ង់បន្ថែមពេលវេលា។

យោងតាម CBS News និង Al Jazeera នៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ មូលហេតុធំៗ៤ដែលលោកត្រាំសុខចិត្តពន្យារពេលមានដូចជា៖
១. សំណើ «សុំសេចក្ដីសុខ» ពីប៉ាគីស្ថាន
លោកត្រាំបង្ហោះលើ Truth Social ថាយល់ព្រមតាមសំណើប៉ាគីស្ថានដែលជាអ្នកសម្របសម្រួល ស្នើពេលបន្ថែមឲ្យអ៊ីរ៉ង់រៀបចំសំណើដោះស្រាយបញ្ហាជាផ្លូវការ។
២. ការបែកបាក់ផ្ទៃក្នុងរបស់អ៊ីរ៉ង់
លោកត្រាំអះអាងថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងមានការឈ្លោះប្រកែកគ្នាខ្លាំងរវាងក្រុមចង់ចរចា និងមិនចង់។ ការពន្យារពេលនេះដើម្បីឲ្យពួកគេរកចំណុចរួមមកចរចា។
៣. យុទ្ធសាស្ត្រ «ឡោមព័ទ្ធឲ្យដាច់ពោះ»
ទោះផ្អាកទម្លាក់គ្រាប់បែក កងទ័ពជើងទឹកអាមេរិកនៅតែបិទច្រកសមុទ្រ និងកំពង់ផែអ៊ីរ៉ង់។ លោកត្រាំជឿថា អ៊ីរ៉ង់ខាតបង់ ៥០០លានដុល្លារក្នុងមួយថ្ងៃ ហើយការរង់ចាំកាន់តែយូរ អាមេរិកនឹងទទួលបានកិច្ចព្រមព្រៀងដ៏ល្អបំផុត។
៤. ឥទ្ធិពលតម្លៃប្រេង និងសេដ្ឋកិច្ចពិភពលោក
ការពន្យារពេលធ្វើឲ្យតម្លៃប្រេងពិភពលោកមានស្ថិរភាពឡើងវិញ។ សម្រាប់លោកត្រាំដែលផ្ដោតលើសេដ្ឋកិច្ច ការបញ្ចៀសការហក់ឡើងតម្លៃសាំងនៅអាមេរិកជាអាទិភាពខ្ពស់បំផុត។
