ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់បានគាស់បន្ទប់លួចម៉ូតូនៅស្រុកស្វាយទាប ត្រូវបានសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីរត់គេចខ្លួនមកកាន់ស្រុកចន្ទ្រា។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៥និង៤០នាទីល្ងាច សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប មានករណីគាស់បន្ទប់លួចយកម៉ូតូ។
ក្រោយទទួលបានពាក្យបណ្ដឹង ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាបបានចុះពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវឃើញមុខសញ្ញាជិះម៉ូតូគេចខ្លួនទិសដៅទៅស្រុកចន្ទ្រា។

រហូតដល់វេលាម៉ោង១៩និង៥នាទីយប់ នៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការបង្ក្រាបបទល្មើសនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដឹកនាំដោយលោកអធិការ ជិនសុភឿន ទើបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ភេទប្រុស ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងជួញដូរគ្រឿងញៀនផងដែរ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងសមត្ថកិច្ចកំពុងបន្តនីតិវិធីប្រគល់ជូនម្ចាស់ដើមវិញ។

សមត្ថកិច្ចសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដែលបានចូលរួមសហការផ្តល់ព័ត៌មានបានឆាប់រហ័ស ដើម្បីជួយអន្តរាគមន៍ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕
