សង្គ្រាមឆ្លងព្រំដែនក្ដៅគគុក៖ អ៊ុយក្រែនវាយរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ខណៈភាគីទាំងពីរស្លាប់ជាបន្តបន្ទាប់

សង្គ្រាមឆ្លងព្រំដែនក្ដៅគគុក៖ អ៊ុយក្រែនវាយរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ខណៈភាគីទាំងពីរស្លាប់ជាបន្តបន្ទាប់

សង្គ្រាមអ៊ុយក្រែន៖ កាលពីថ្ងៃទី២៨ មេសា ការវាយប្រហារគ្នាទៅវិញទៅមករវាងរុស្ស៊ី និងអ៊ុយក្រែន តាមព្រំដែនបានបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់។ នៅរុស្ស៊ី ការវាយប្រហាររបស់អ៊ុយក្រែនបានសម្លាប់មនុស្ស ៤នាក់ ដោយបុរសម្នាក់ស្លាប់នៅតំបន់ព្រីយ៉ាន់ស្ក៍ និងបុរស ២នាក់ ព្រមទាំងនារីម្នាក់ទៀតស្លាប់នៅតំបន់បែលហ្គោរ៉ូដ។

ខាងអ៊ុយក្រែនវិញ បុរសវ័យប្រមាណ ៧០ឆ្នាំម្នាក់បានស្លាប់នៅព្រឹកថ្ងៃទី២៨ មេសា ក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង TCHOGUIV និងមនុស្សម្នាក់ទៀតស្លាប់នៅក្រុង KRYVYIRIG ភាគកណ្ដាលអ៊ុយក្រែន។ ទន្ទឹមនឹងនេះ ស្នូរផ្ទុះខ្លាំងៗក៏ត្រូវបានឮពេញមួយថ្ងៃនៅក្រុងគៀវផងដែរ។

ចាប់តាំងពីប៉ុន្មានខែមកហើយ ការវាយប្រហារទាំងថ្ងៃរបស់រុស្ស៊ីលើអ៊ុយក្រែនបានកើតមានញឹកញាប់ ខណៈមុននេះ ការវាយប្រហាររបស់ទីក្រុងមូស្គូច្រើនតែធ្វើឡើងនៅពេលយប់។ ជាការតបតវិញ កងទ័ពអ៊ុយក្រែនក៏បានវាយប្រហារលើបណ្ដាគោលដៅនៅរុស្ស៊ីដែរ។

សង្គ្រាមអ៊ុយក្រែន

នៅថ្ងៃទី២៨ មេសា អ៊ុយក្រែនបានអះអាងពីការវាយប្រហារថ្មីមួយលើរោងចក្រចម្រាញ់ប្រេងកាតរុស្ស៊ី នៅក្រុងទូអាប់សេ ភាគខាងត្បូងប្រទេស ដោយអះអាងថារោងចក្រនោះបម្រើការផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ីក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

នៅថ្ងៃដដែលនោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានចោទប្រកាន់អ៊ីស្រាអែលថាបំផ្លាញទំនាក់ទំនងទ្វេភាគី ដោយអនុញ្ញាតឲ្យនាំចូលស្រូវសាលីដែលរុស្ស៊ីប្លន់យកពីដែនដីអ៊ុយក្រែនចូលមកក្នុងកំពង់ផែរបស់ខ្លួន។ លោកថា អាជ្ញាធរអ៊ីស្រាអែលមិនត្រូវធ្វើមិនដឹងមិនឮថាតើនាវាណាខ្លះចូលក្នុងកំពង់ផែរបស់ប្រទេសខ្លួនឡើយ។

សង្គ្រាមអ៊ុយក្រែន

អ៊ុយក្រែនតែងតែចោទប្រកាន់រុស្ស៊ីថានាំចេញដោយខុសច្បាប់នូវផលិតផលកសិកម្មពីតំបន់ដែលខ្លួនកាន់កាប់។ រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ នាវាជាច្រើនគ្រឿងដែលដឹកគ្រាប់ធញ្ញជាតិដែលត្រូវបានលួចដោយរុស្ស៊ីបានចូលមកក្នុងកំពង់ផែហៃហ្វារបស់អ៊ីស្រាអែល។ អ៊ីស្រាអែលបានតបទៅអ៊ុយក្រែនវិញថា ការចោទប្រកាន់នេះគឺគ្មានភស្ដុតាង ហើយតាមពិតទៅនាវាទាំងនោះនៅមិនទាន់មកដល់ហៃហ្វានៅឡើយទេ។

administrator

Related Articles