សហរដ្ឋអាមេរិក ៖ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រូបរបស់ប្រធានាធិបតីកំពុងកាន់តំណែងមួយរូប នឹងត្រូវដាក់បញ្ចូលក្នុងលិខិតឆ្លងដែន ដែលជាការបំបែកប្រពៃណីដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក។

រូបរបស់លោក ដូណាល់ ត្រាំ នឹងមានវត្តមាននៅក្នុងលិខិតឆ្លងដែនអាមេរិកថ្មី នាឱកាសខួបលើកទី២៥០នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នាខែកក្កដាខាងមុខនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigot បានសរសេរក្នុងបណ្ដាញសង្គម X ថា ក្រសួងការបរទេសត្រៀមចេញលិខិតឆ្លងដែនពិសេសក្នុងចំនួនមានកំណត់ ដែលផលិតសម្រាប់ឧទ្ទិសដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។
លោក Pigot បានផ្សាយឡើងវិញនូវអត្ថបទរបស់ទូរទស្សន៍ Fox News Digital ដែលបង្ហាញគំរូលិខិតឆ្លងដែនពិសេសនេះ ដោយទំព័រក្នុងមានរូបលោកត្រាំ ជាមួយហត្ថលេខាពណ៌ទឹកមាសរបស់លោក ព្រមទាំងរូបបណ្ដាបិតាស្ថាបនិកដែលមកជួបជុំគ្នានាថ្ងៃប្រកាសឯករាជ្យ ថ្ងៃទី៤ កក្កដា ឆ្នាំ១៧៧៦។
កាក់ប្រាក់មាសមួយមានរូបសំណាកលោកត្រាំ ក៏ត្រូវបានបោះចេញដែរនាឱកាសនេះ។ អ្នកទទួលខុសត្រូវម្នាក់នៃក្រសួងការបរទេសអាមេរិកបញ្ជាក់ថា លិខិតឆ្លងដែនមានរូបលោកត្រាំនេះនឹងចែកចាយតែនៅក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ហើយនឹងលែងចែកចាយទៀតពេលអស់ស្តុក៕
