ទីក្រុងសេអ៊ូល៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបប្រជុំពិភាក្សាការងារជាមួយលោក Yoo Jae Seong អគ្គស្នងការស្តីទីនៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ នៅទីបញ្ជាការដ្ឋាន ក្នុងទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្ថែមលើលទ្ធផលកិច្ចសហប្រតិបត្តិការដែលសម្រេចបានតាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់។

ភាគីទាំងពីរបានបន្តដាក់ចេញនូវការងារសំខាន់ៗដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមគ្រប់រូបភាព បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ រួមមាន ឃាតកម្ម ការចាប់ពង្រត់ ការឃុំឃាំងដោយខុសច្បាប់ និងការបាត់ខ្លួន។

ជាងនេះទៅទៀត ភាគីទាំងពីរក៏បានពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងសន្តិសុខ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

