ភ្នំពេញ៖ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ (KNPA) ដឹកនាំដោយលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាលជាតិ បានបើកកិច្ចប្រជុំកំពូលនគរបាលជាតិកូរ៉េ-កម្ពុជា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា (CNP) ដឹកនាំដោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសា ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរបានបង្ហាញនូវទស្សនៈរួមថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងក្រុមមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋទាំងពីរប្រទេស។
ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ (CKJTFK) អគ្គស្នងការនគរបាលជាតិទាំងពីរបានព្រមព្រៀងពង្រីកវិសាលភាពប្រតិបត្តិការរបស់ក្រុមការងារនេះ។ ក្នុងរយៈពេល ៤ ខែ (ធ្នូ២០២៥ ដល់ មីនា២០២៦) ក្រុមការងារ CKJTFK បានចាប់ខ្លួនឧក្រិដ្ឋជនសំខាន់ៗចំនួន ១៦៦នាក់ រួមទាំងជនជាតិកូរ៉េដែលរត់គេចខ្លួន និងជួយសង្គ្រោះពលរដ្ឋកូរ៉េចំនួន ៥រូប ពីការឃុំឃាំង។

ផ្អែកលើលទ្ធផលដ៏លេចធ្លោនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការរបស់ CKJTFK ដែលពីមុនមានកម្រិតត្រឹមតែបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់បញ្ចូលទាំងបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ផងដែរ។ ការពង្រីកនេះនឹងជួយជំរុញការចែករំលែកព័ត៌មានតាមពេលវេលាជាក់ស្តែង និងប្រតិបត្តិការស៊ើបអង្កេតរួមគ្នា។

តាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នៃការងារនគរបាលកូរ៉េ “K-policing” KNPA និង CNP កំពុងឈានមុខគេក្នុងការឆ្លើយតបនឹងបទល្មើសឆ្លងដែនក្នុងតំបន់។ លើសពីនេះ KNPA នឹងបន្តគម្រោង ODA ស្តីពីការពង្រឹងសមត្ថភាពការងារស៊ើបអង្កេតកន្លែងកើតហេតុ (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យ ដល់ក្រសួងមហាផ្ទៃ ដែលមានតម្លៃ ១៨ពាន់លានវ៉ុន។

លោក PARK Jun Sung អគ្គនាយកស្តីទីទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ KNPA បានថ្លែងថា៖ «កិច្ចប្រជុំកំពូលនគរបាលនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយ ដោយបញ្ជាក់ជាថ្មីនូវទំនុកចិត្តយ៉ាងរឹងមាំរវាងភ្នាក់ងារនគរបាលទាំងពីរ និងបង្កើតជាកម្លាំងជួរមុខការពាររួមគ្នាប្រឆាំងនឹងបទល្មើសឆ្លងដែន»។
ដោយ៖តារា
