កូរ៉េ​ខាង​ជើង​ប្រឈម​គ្រោះ​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​ឆ្នាំ​នេះ​៖ អាច​ប៉ះ​ពាល់​ដំណាំ​និង​សន្តិសុខ​ស្បៀង

កូរ៉េ​ខាង​ជើង​ប្រឈម​គ្រោះ​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​ឆ្នាំ​នេះ​៖ អាច​ប៉ះ​ពាល់​ដំណាំ​និង​សន្តិសុខ​ស្បៀង

ទីក្រុង​ព្យុងយ៉ាង៖ កូរ៉េ​ខាង​ជើង​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​មិន​ធម្មតា​ និង​ធ្ងន់​ធ្ងរ​នៅ​ឆ្នាំ​នេះ ដែល​អាច​ជះ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ប្រមូល​ផល​ និង​សន្តិសុខ​ស្បៀង​របស់​ប្រទេស​ឯកោ​និយម​មួយ​នេះ។

គ្រោះរាំងស្ងួត

តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង គ្រោះ​រាំង​ស្ងួត​ខុស​ពី​ធម្មតា​បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ស្ទើរ​តែ​គ្រប់​តំបន់​ទូទាំង​ប្រទេស ដែល​ជា​ករណី​កម្រ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កម្មករ​នៅ​តាម​តំបន់​នានា​កំពុង​ផ្ដោត​សំខាន់​លើ​ការ​ការពារ​ផល​ដំណាំ​ដើម​រដូវ​កុំ​ឱ្យ​ខូច​ខាត។

លោក ប៉ាក់​ថេសុង (Pak Thae Song) នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ជើង បាន​ចុះ​ពិនិត្យ​មើល​កសិដ្ឋាន​នៅ​ខេត្ត​ព្យុង​ហ្កាន​ខាង​ត្បូង (South Pyongan) និង​ខេត្ត​វ៉ាង​ហេ​ខាង​ជើង (North Hwanghae) និង​បាន​អំពាវ​នាវ​ឱ្យ​ពិនិត្យ​មើល​ធនធាន​ទឹក និង​ប្រើ​ប្រាស់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ លោក​បាន​ថ្លែង​ថា បើ​ចង់​ឱ្យ​ការ​ប្រមូល​ផល​បាន​ជោគជ័យ លុះត្រា​តែ​យក​ឈ្នះ​លើ​គ្រោះ​រាំង​ស្ងួត​កម្រិត​ធ្ងន់​ធ្ងរ​នេះ​ឱ្យ​បាន។

កសិកម្ម

នៅ​តាម​ទីក្រុង និង​ខណ្ឌ​មួយ​ចំនួន កំពុង​តែ​ជួស​ជុល​ទ្វារ​ទឹក និង​ផ្លូវ​ទឹក​នានា។ កម្មករ​ក៏​កំពុង​អនុវត្ត​វិធានការ​បច្ចេកទេស ពង្រឹង​ភាព​ធន់​សម្រាប់​ស្រូវសាលី និង​ស្រូវ​បាលី (barley) និង​ពង្រឹង​ការ​រីក​លូតលាស់​នូវ​ដំណាំ​ដើម​រដូវ។

កូរ៉េ​ខាង​ជើង​កាលពី​ឆ្នាំ​មុន​មាន​អាកាសធាតុ​ក្ដៅ​បំផុត​ជា​ប្រវត្តិសាស្ត្រ ដោយ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ធ្វើ​ឱ្យ​រលក​កម្ដៅ​កើត​ឡើង​កាន់​តែ​ញឹក​ញាប់ និង​កាន់​តែ​ធ្ងន់​ធ្ងរ។ ក្រុម​អ្នក​ជំនាញ​ព្រមាន​ថា បាតុភូត​អែលនីញ៉ូ (El Niño) អាច​នឹង​វិល​មក​វិញ​នៅ​ឆ្នាំ​នេះ ដែល​អាច​បង្ក​ជា​កម្ដៅ​ខ្លាំង គ្រោះ​រាំង​ស្ងួត និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទ្វីប​អាស៊ី។

អាកាសធាតុ

លោក​ស្រី អេលីហ្សាបែត សាល់ម៉ុន (Elizabeth Salmon) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង ធ្លាប់​បាន​ថ្លែង​តាំង​ពី​ខែ​កុម្ភៈ​ថា បញ្ហា​ខ្វះ​ខាត​ស្បៀង​អាហារ​ជា​កង្វល់​ដ៏ធំ​រួច​ទៅ​ហើយ។ តាម​ពិត កូរ៉េ​ខាង​ជើង​បាន​រស់​នៅ​ក្នុង​ភាព​អត់​ឃ្លាន​រាប់​ទសវត្សរ៍​មក​ហើយ និង​ធ្លាប់​មាន​មនុស្ស​ស្លាប់​ដោយ​អត់​អាហារ​ជា​ច្រើន​នាក់​ក្នុង​ឆ្នាំ​ខ្លះ៕

ប្រភព៖ Channel News Asia និង​ប្រភព​ដទៃ​ទៀត

administrator

Related Articles