អាមេរិក​ប្តេជ្ញា​រក្សា​សន្តិភាព​ព្រំដែន​កម្ពុជា-ថៃ រួម​ទាំង​ជម្លៀស​គ្រាប់បែក​ចង្កោម

អាមេរិក​ប្តេជ្ញា​រក្សា​សន្តិភាព​ព្រំដែន​កម្ពុជា-ថៃ រួម​ទាំង​ជម្លៀស​គ្រាប់បែក​ចង្កោម

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​យូរអង្វែង​តាម​ព្រំដែន​កម្ពុជា-ថៃ ខណៈ​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​។

ជំនួប ស្ថានទូតអាមេរិក

ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) ប្រធាន​ផ្នែក​នយោបាយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ចុះ​ទស្សនកិច្ច​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦​។

លោកស្រី​បាន​គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​ផ្ដោត​លើ​ការ​រក្សា​សន្តិភាព និង​ចង់​ឃើញ​បទ​ឈប់​បាញ់​យូរអង្វែង​នៅ​ព្រំដែន ដើម្បី​ស្ថិរភាព​អាស៊ាន​ទាំងមូល។ សហរដ្ឋអាមេរិក​នឹង​បន្ត​បេសកកម្ម​ជួយ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​បាន​ត្រៀម​ថវិកា​ជំនួយ​មនុស្សធម៌​តាមរយៈ IOM និង AOT​។

មណ្ឌលជនភៀសសឹក

ឯកឧត្តម អ៊ុំ រាត្រី បាន​ជម្រាប​ថា ខេត្តបន្ទាយមានជ័យ​មាន​ព្រំប្រទល់​ជាប់​ថៃ​ប្រវែង ១៥៣​គីឡូម៉ែត្រ ហើយ​ជម្លោះ​ប្រដាប់អាវុធ​បាន​បង្ក​ឱ្យ​មាន​វិនាសកម្ម​ធ្ងន់ធ្ងរ ដោយ​ជនស៊ីវិល​ស្លាប់ ៩​នាក់ របួស ៧៧​នាក់ និង​ផ្ទះ​ខូចខាត​ជាង ២,០០០​ខ្នង។ គ្រាប់បែកចង្កោម​នៅ​រាយប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង និង​ភូមិ​ចំនួន ៦​ទៀត​មិន​ទាន់​អាច​ត្រឡប់​វិញ​បាន​ឡើយ។

ទោះជា​យ៉ាងណា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​គោលការណ៍​រៀបចំ​ជម្រក​បណ្ដោះអាសន្ន​ថ្មី ដោយ​គ្រួសារ​រងគ្រោះ​ទទួល​បាន​ដី​ទំហំ ២០mx៣០m លើ​ផ្ទៃដី​សរុប ៤០០​ហិកតា សម្រាប់​សាងសង់​លំនៅឋាន និង​បង្កបង្កើនផល​ឡើងវិញ៕

administrator

Related Articles