ថ្មី៖ កម្មវិធីព័ត៌មានវិទ្យាសេវារដ្ឋបាលអនឡាញ ដំណើរការជាផ្លូវការ ក្រោមការសម្ពោធដាក់ឱ្យប្រើប្រាស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ថ្មី៖ កម្មវិធីព័ត៌មានវិទ្យាសេវារដ្ឋបាលអនឡាញ ដំណើរការជាផ្លូវការ ក្រោមការសម្ពោធដាក់ឱ្យប្រើប្រាស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ជាសមិទ្ធផលថ្មីមួយ ដែលដើរតាមលំនាំថ្នាលថ្មីនៃរដ្ឋាភិបាលឌីជីថល។ នេះជាជំហានដ៏សំខាន់ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្តោតលើមុំបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅសម្រេចបានភាពពេញលក្ខណៈនៃប្រព័ន្ធរដ្ឋាភិបាលឌីជីថល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ថា ការដាក់ឲ្យអនុវត្តជាផ្លូវការនេះ សំដៅពង្រឹង និងលើកកម្ពស់គុណភាពប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ឲ្យកាន់តែកៀកជិតប្រជាពលរដ្ឋ មានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍នៃការងារនៅការិយាល័យច្រកចេញចូលតែមួយ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រព័ន្ធព័ត៌មានវិទ្យានេះត្រូវបានគិតគូរ និងផ្ដួចផ្ដើមបង្កើតឡើង ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី។ ការផ្ដួចផ្ដើមនេះគឺដោយសារថ្នាក់ដឹកនាំបានពិនិត្យឃើញនូវការរីកចម្រើនយ៉ាងរហ័សនៃសេដ្ឋកិច្ច និងសង្គម ដែលធ្វើឲ្យតម្រូវការសេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ មានការកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្លើយតបនឹងសន្ទុះនេះ សម្តេចក្រឡាហោមបានណែនាំឲ្យសិក្សា និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធ្វើទំនើបកម្មលើការគ្រប់គ្រងការផ្តល់សេវាជូនប្រជាពលរដ្ឋ។

ពិធីសម្ពោធកម្មវិធីព័ត៌មានវិទ្យា

បើតាមឯកឧត្តមអគ្គនាយករដ្ឋបាល កម្មវិធីព័ត៌មានវិទ្យានេះមានគោលបំណងសំខាន់ៗចំនួន៥ចំណុច រួមមាន៖ ១.លើកកម្ពស់គុណភាព និងពង្រឹងការផ្តល់សេវាសាធារណៈ ២.កាត់បន្ថយការចំណាយពេលវេលា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៣.បង្កើនតម្លាភាព គណនេយ្យភាព និងភាពជឿជាក់ ៤.ទិន្នន័យសេវាត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និង៥.ចូលរួមចំណែកជំរុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលនេះមិនត្រឹមតែជាការបោះជំហានទៅមុខនៃបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែគឺជាឆ្អឹងខ្នងនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងសកម្ម សំដៅកាត់បន្ថយគម្លាតរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ដោយផ្ទេរអំណាច និងសេវាឲ្យទៅកៀកជិតមូលដ្ឋានបំផុត។

ប្រព័ន្ធផ្តល់សេវាអនឡាញ

ប្រមុខក្រសួងមហាផ្ទៃរំពឹងថា ប្រព័ន្ធព័ត៌មានវិទ្យានេះនឹងជួយសម្រួលដល់ការទទួលបានសេវាសាធារណៈឲ្យកាន់តែងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយចំណាយក្រៅផ្លូវការរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរទៅមកច្រើនដង ឬរង់ចាំយូរនៅតាមការិយាល័យរដ្ឋបាលនោះទេ។ ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំ និងតាមដានស្ថានភាពឯកសាររបស់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ប្រកបដោយតម្លាភាព និងភាពជឿជាក់បំផុត។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន KESS INNOVATION PLC និងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារៈបរិក្ខារ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើទំនើបកម្មការផ្ដល់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតបានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីការប្រើប្រាស់សេវាអនឡាញនេះឲ្យបានទូលំទូលាយ និងត្រៀមក្រុមការងារបច្ចេកទេសដើម្បីដោះស្រាយបញ្ហារអាក់រអួលនានាឲ្យបានទាន់ពេលវេលា។ ឯកឧត្តមបានដាស់តឿនដល់មន្ត្រីអនុវត្តផ្ទាល់ ឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងអំពើពុករលួយ និងបន្តអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ចំពោះមន្ត្រីអសកម្ម៕

administrator

Related Articles