វីដេអូរន្ធត់! ក្រុមក្មេងទំនើងវាយតប់គ្នាស្អុយកណ្តាលក្រុងតាខ្មៅ សមត្ថកិច្ចចុះស្រាវជ្រាវរកជនបង្ក

វីដេអូរន្ធត់! ក្រុមក្មេងទំនើងវាយតប់គ្នាស្អុយកណ្តាលក្រុងតាខ្មៅ សមត្ថកិច្ចចុះស្រាវជ្រាវរកជនបង្ក

ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូកាមេរ៉ាសុវត្ថិភាពបានកត់ត្រាទុកនូវទិដ្ឋភាពរន្ធត់នៃការវាយតប់គ្នារវាងក្រុមក្មេងទំនើងយ៉ាងសាហាវ កាលពីវេលាម៉ោងប្រមាណ ០៧:២៨ នាទីយប់ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦។

រូបភាពកន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅចំណុចខាងក្រោយសាខាពន្ធដារខេត្តកណ្តាល ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ក្រុមក្មេងទំនើងប្រមាណជាច្រើននាក់បានដេញវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរកន្លែងកើតហេតុ។

រូបភាពកន្លែងកើតហេតុ

អ្នកកាសែតបានសាកសួរពីលោក ម៉ៅ ឈីត (សូមសន្មតឈ្មោះ) អ្នករស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា៖ «ខ្ញុំពិតជាភ័យរន្ធត់ណាស់ ព្រោះមិនដែលឃើញមានហេតុការណ៍ហិង្សាធំបែបនេះក្នុងតំបន់នេះពីមុនមកទេ»។

សកម្មភាពក្នុងវីដេអូបានបង្ហាញយ៉ាងច្បាស់ពីការដេញតាមវាយតប់ និងប្រើប្រាស់អាវុធយ៉ាងសាហាវ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

រូបភាពកន្លែងកើតហេតុ

ក្រោយកើតហេតុប្រហែល ៧ នាទី (ម៉ោង ០៧:៣៥ នាទីយប់) គេឃើញមានវត្តមានកម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការអន្តរាគមន៍ និងពិនិត្យស្ថានភាពជាក់ស្តែងនៅកន្លែងកើតហេតុ។ កម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងប្រមូលភស្តុតាង និងដេញតាមមុខសញ្ញាដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងវីដេអូ។

រូបភាពកន្លែងកើតហេតុ

បច្ចុប្បន្ននេះ មហាជនកំពុងរង់ចាំមើលវិធានការតាមផ្លូវច្បាប់របស់សមត្ថកិច្ច ដើម្បីវែកមុខយកក្រុមបង្កបញ្ហាទាំងនេះមកទទួលខុសត្រូវចំពោះមុខច្បាប់ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋឡើងវិញ។ យើងនឹងបន្តតាមដានការវិវត្តន៍នៃរឿងនេះ ហើយនឹងផ្សាយព័ត៌មានបន្ថែមជូនអ្នកទាំងអស់គ្នាជាបន្តទៀត។

administrator

Related Articles