ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិខ្នាតធំមួយគ្រឿងទៀតហើយ ដែលបាននាំភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជាង ១,២០០នាក់ មកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍អន្តរជាតិខ្នាតធំមួយគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ៨២២នាក់ មានដល់ទៅ ២៣សញ្ជាតិ និងនាវិកចំនួន ៤៦៧នាក់ មានដល់ទៅ ៣០សញ្ជាតិ សរុបទាំងអស់ ១,២៨៩នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល ១យប់ ១ថ្ងៃ។

របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវគ្រប់ទីកន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។

សូមជម្រាបថា នាវាទេសចរណ៍អន្តរជាតិ VIKING ORION ជានាវាសញ្ជាតិន័រវេស មានបណ្តោយ ២២៨,៣០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជំរៅទឹក ៦,៦៥ម៉ែត្រ មកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ និងគ្រោងចាកចេញត្រឡប់ទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

គួរជម្រាបជូនថា គោលដៅសំខាន់ៗដែលភ្ញៀវទៅទស្សនាកម្សាន្តរួមមាន៖ វត្តលើ, វត្តក្រាម, វត្តរសមាធិផ្សារលើ, សួនឯករាជ្យ, ឆ្នេរឯករាជ្យ, ឆ្នេរអូរឈើទាល, កោះរាជបុត្រ, ទំនប់រលក និងផ្ទះអ្នកភូមិនៅផ្លូវទៅព្រែកត្របែកក្នុងខេត្តព្រះសីហនុ។





ដោយ៖ តារា
