ខេត្តរតនគិរី៖ មន្ទីរបរិស្ថានខេត្តរតនគិរី តាមរយៈមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃលំផាត់ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា លែងសត្វពង្រូលចំនួន ១ ក្បាល ចូលទៅក្នុងព្រៃធម្មជាតិវិញ បន្ទាប់ពីក្រុមអ្នកជំនាញបានពិនិត្យឃើញថា សត្វនេះមានសុខភាពល្អ គ្មានរបួស និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅក្នុងជម្រកធម្មជាតិ។

ការលែងសត្វពង្រូលនេះធ្វើឡើងនៅទីតាំងសមស្របមួយ ដែលងាយស្រួលក្នុងការស្វែងរកចំណី និងមានសុវត្ថិភាពនាដែនជម្រកសត្វព្រៃលំផាត់ ដែលជាទីតាំងកំពុងអនុវត្តគម្រោងឥណទានកាបូនរេដបូកផងដែរ។

សត្វពង្រូល ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វដែលជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ កត្តាគំរាមកំហែងមួយចំនួនដល់សត្វពង្រូល រួមមានការបាត់បង់ទីជម្រក ការបរបាញ់ ដាក់អន្ទាក់ និងការជួញដូរខុសច្បាប់។

គួរបញ្ជាក់ថា សត្វពង្រូលមានឈ្មោះជាភាសាអង់គ្លេសហៅថា (Sunda Pangolin) ជាប្រភេទថនិកសត្វដែលស្លូតបូត និងអៀនច្រើន ហើយពុំមានបង្កហានិភ័យណាមួយដល់មនុស្សនោះទេ បើទោះបីជាវាកំពុងត្រូវបានរំខានក៏ដោយ។ ពង្រូលមានត្រចៀកតូច ស្បែកមានស្រកាក្រាស់ស្ទើរពេញដងខ្លួន ហើយជាសត្វមិនរហ័សរហួននោះទេ។ នៅពេលជួបការគំរាមកំហែង ពង្រូលតែងតែរមូលខ្លួនលាក់មុខ និងយកកន្ទុយរុំដងខ្លួនដើម្បីការពារខ្លួន។

