ភ្លៀវ ធា ញៀនថ្នាំកាន់សាងដែកដេញចាក់នគរបាលដល់ក្រោមផ្ទះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ភ្លៀវ ធា ញៀនថ្នាំកាន់សាងដែកដេញចាក់នគរបាលដល់ក្រោមផ្ទះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាមុខសញ្ញាញៀនថ្នាំ និងតែងតែរករឿងអ្នកជិតខាង បានកាន់សាងដែកមុខស្រួចរត់ដេញចាក់សម្លាប់មន្ត្រីនគរបាលម្នាក់ដល់ក្រោមផ្ទះ តែសំណាងល្អជនរងគ្រោះរត់គេចខ្លួនទាន់។

រូបភាពទី១

អំពើគំរាមកំហែងថានឹងសម្លាប់នេះបានកើតឡើងកាលពីម៉ោង ១៥ និង២៥នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភ្លៀវ ធា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកអណ្តូង ឃុំលើកដែក និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកជនរងគ្រោះមានឈ្មោះ ឆាយ គឹមផេង ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីនគរបាល រស់នៅភូមិកើតហេតុខាងលើ។

រូបភាពទី២

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សាងដែកមុខស្រួចមានផ្លែដែកចំនួន៧ និងដងឫស្សីប្រវែង១,៨០ ម៉ែត្រចំនួន១។

លោកអធិការបានបន្តថា កន្លងមកជនសង្ស័យតែងតែជក់គ្រឿងញៀនជាប្រចាំ និងរករឿងជេរប្រមាថដៀមដាមអ្នកជិតខាងព្រមទាំងជនរងគ្រោះជាញឹកញាប់ ដោយសមត្ថកិច្ចធ្លាប់ហៅមកអប់រំណែនាំជាច្រើនលើកតែជនសង្ស័យមិនព្រមកែប្រែឡើយ។

រូបភាពទី៣

លុះមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង២៥នាទី ខណៈជនរងគ្រោះកំពុងដេកលេងទូរស័ព្ទនៅលើអង្រឹងក្រោមផ្ទះ ស្រាប់តែជនសង្ស័យបានកាន់សាងដែកមុខស្រួចរត់សំដៅមកដេញចាក់សម្លាប់ជនរងគ្រោះតែម្ដង។ ភ្លាមនោះជនរងគ្រោះបានឃើញទាន់ក៏រត់គេចខ្លួន និងស្រែកហៅឲ្យអ្នកជិតខាងជួយ ទើបជនសង្ស័យកាន់សាងដែកដើរត្រឡប់ទៅផ្ទះវិញ។

លោកអធិការបានបញ្ជាក់ថា ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងតាមចាប់ខ្លួនជនសង្ស័យយកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកាន់សាងដែកដេញចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់។

administrator

Related Articles