ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចោទជាសំណួរថា តើថៃកំពុងព្យាយាមធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាដែរឬទេ?

សម្ដេចតេជោបានមានប្រសាសន៍ថា «ថៃកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា-ថៃ ដែលវាផ្ទុយស្រឡះពីអ្វីដែលភាគីថៃទាមទារចង់បានជាទ្វេភាគី»។
សម្ដេចតេជោក៏បានបង្ហោះអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ថៃ ដើម្បីឱ្យប្រជាជនទាំងពីរប្រទេសយល់កាន់តែច្បាស់ពីបញ្ហា MoU នេះ។

ខ្លឹមសារអត្ថបទលោកបណ្ឌិត Surachart Bamrungsuk
អត្ថបទវិភាគរបស់លោកបណ្ឌិត Surachart Bamrungsuk ចំណងជើងថា «សូមឱ្យយើងសប្បាយចិត្ត-លុបចោល MoU 44!» បានលើកឡើងថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក្នុងការលុបចោល MoU 44 គឺប្រៀបដូចជាការបង្កើតក្ដីសុខដល់ក្រុមនយោបាយជាតិនិយមជ្រុល ប៉ុន្តែបន្ទាប់ពីលុបចោលហើយ តើសង្គមថៃនឹងសប្បាយចិត្តពិតប្រាកដឬទេ?
អត្ថបទបានរំលឹកថា MoU 44 ធ្លាប់ត្រូវបានលុបចោលម្ដងរួចមកហើយក្នុងខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងរដ្ឋាភិបាលលោក Abhisit Vejjajiva តែការលុបចោលនាពេលនោះមិនមានប្រសិទ្ធភាពទេ ព្រោះមិនបានជូនដំណឹងជាផ្លូវការដល់កម្ពុជា និងមិនបាននាំចូលដំណើរការសភា។ ការលុបចោលត្រូវតែអនុវត្តតាមអនុសញ្ញាក្រុងវីយែន ឆ្នាំ១៩៦៩។
លោកបណ្ឌិតបានវិភាគថា ការលុបចោលនាពេលនេះគឺជាលទ្ធផលពីសង្គ្រាមថៃ-កម្ពុជាឆ្នាំ២០២៥ និងចរន្តជាតិនិយមដែលកំពុងពេញនិយមនៅក្នុងសង្គមថៃ ហើយត្រូវបានក្រុមនយោបាយមួយចំនួនលើកយកមកប្រើដើម្បីផលប្រយោជន៍នយោបាយ។
លោកបណ្ឌិតបានចង្អុលបង្ហាញថា MoU 44 គឺជាយន្តការចរចា មិនមែនជាសន្ធិសញ្ញាបែងចែកផលប្រយោជន៍ប្រេង និងហ្គាសទេ ហើយវាមិនបានប៉ះពាល់ដល់សិទ្ធិទាមទារដែនសមុទ្ររបស់ថៃឡើយ។ ការលុបចោលនេះ គឺជាការប៉ះពាល់ដល់ផលប្រយោជន៍ជាតិថៃយ៉ាងធ្ងន់ធ្ងរ។
ជាចុងក្រោយ លោកបណ្ឌិតបានអំពាវនាវឱ្យមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានពាក់ព័ន្ធ ជាពិសេសនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់អន្តរជាតិ នាយកដ្ឋានផែនទីយោធា និងនាយកដ្ឋានជលសាស្ត្រ កងទ័ពជើងទឹកថៃ បង្ហាញភាពស្មោះត្រង់នឹងវិជ្ជាជីវៈ និងនិយាយការពិតចំពោះបញ្ហានេះ៕
