ក្រុងព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅច្បាស់លាស់ និងបានអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព «ខួបអនុស្សាវរីយ៍លើកទី១៤០នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)» នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតីបានណែនាំដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ បន្តធ្វើកំណែទម្រង់ស្ថាប័ន និងកសាងធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីបានស្នើដល់រដ្ឋាភិបាលជប៉ុន បន្តជួយកម្ពុជាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធគ្រប់គ្រងចម្រោះទឹកកខ្វក់បន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទោះបីជាមានបច្ចេកវិទ្យាទំនើប និងធនធានមនុស្សមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្រសិនបើប្រតិបត្តិការការងារនៅស្ថាប័នមានភាពច្របូលច្របល់ ស្មុគស្មាញ ត្រួតគ្នានោះ គឺមិនអាចឱ្យស្ថាប័ននោះរីកចម្រើនបានឡើយ។

ការអភិវឌ្ឍប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លុះបញ្ចាំងតាមរយៈការអនុវត្តជាក់ស្តែង និងការជំរុញកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិ។
ដោយ៖ សិលា
