ចិនប្រកាសពន្ធគយសូន្យភាគរយដល់អាហ្វ្រិក៥៣ប្រទេស បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ

ចិនប្រកាសពន្ធគយសូន្យភាគរយដល់អាហ្វ្រិក៥៣ប្រទេស បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ

អន្តរជាតិ៖ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ ប្រទេសចិននឹងអនុវត្តវិធានការពន្ធគយសូន្យភាគរយចំពោះប្រទេសអាហ្វ្រិកចំនួន៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន។ ឆ្នាំនេះគឺជាខួបទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាហ្វ្រិក ហើយក៏ជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ផងដែរ។

ចិន-អាហ្វ្រិក

តាមពិតទៅ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តទៅ ប្រទេសចិនក៏បានផ្តល់ការអនុគ្រោះពន្ធគយសូន្យភាគរយលើផលិតផលទាំងអស់របស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាហ្វ្រិកចំនួន៣៣។ ផលិតផលមានលក្ខណៈពិសេសរបស់ប្រទេសអាហ្វ្រិកជាច្រើន ដូចជាផ្កាកុលាបរបស់អេត្យូពី កាហ្វេរបស់អង់ហ្គោឡា និងម្នាស់របស់បេនីនជាដើម បានចូលក្នុងរាប់ពាន់គ្រួសាររបស់ចិន។

តាមទិន្នន័យបង្ហាញថា ទំហំពាណិជ្ជកម្មចិននិងអាហ្វ្រិកនៅឆ្នាំ២០២៥បានកើនឡើង ១៧,៧ ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ហើយចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាហ្វ្រិកក្នុងរយៈពេល ១៧ឆ្នាំជាប់ៗគ្នា។

អ្នកជំនាញបានលើកឡើងថា ពន្ធគយសូន្យភាគរយគឺជាវិធានការដ៏សំខាន់របស់ចិនសម្រាប់ពង្រីកការបើកទូលាយដោយឯកតោភាគី និងម្ចាស់ការ ដែលមានសារសំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអាហ្វ្រិក និងទំនាក់ទំនងអន្តរជាតិ។ ប្រទេសចិនចែករំលែកកាលានុវត្តភាពនិងធ្វើការអភិវឌ្ឍរួមជាមួយភាគីអាហ្វ្រិកតាមរយៈគោលនយោបាយពន្ធគយសូន្យភាគរយ។

គោលនយោបាយនេះបានផ្តល់ទាំង “ខែលគាំពារ” សម្រាប់ទ្វីបអាហ្វ្រិកក្នុងការឆ្លើយតបនឹងហានិភ័យ និងបញ្ហាប្រឈម ព្រមទាំង “ឧបករណ៍ពន្លឿន” សម្រាប់ការអភិវឌ្ឍរបស់ប្រទេសអាហ្វ្រិកផងដែរ។ បច្ចុប្បន្ននេះ ប្រទេសអាហ្វ្រិកកំពុងពន្លឿនការជំរុញការធ្វើឧស្សាហូបនីយកម្ម ហើយពន្ធគយសូន្យភាគរយនឹងទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើនមកបណ្តាក់ទុននៅទ្វីបអាហ្វ្រិក។

ដើរតែម្នាក់ឯងលឿន តែដើរជាមួយគ្នានឹងដើរកាន់តែឆ្ងាយ។ បើគ្មានការធ្វើទំនើបកម្មរវាងចិននិងអាហ្វ្រិក ក៏គ្មានការធ្វើទំនើបកម្មរបស់ពិភពលោកនោះឡើយ។ ពន្ធគយសូន្យភាគរយមិនត្រឹមតែនឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមនូវជំនឿចិត្តនិងកម្លាំងចលករសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ៕

ប្រភព៖ (CCFR)

administrator

Related Articles