ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព្រមានអំពីស្ថានភាពធាតុអាកាស ប្រចាំថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ខេត្តចំនួន១៣ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០%។

នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់ពីលើអាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ មានការប្រែប្រួលដូចខាងក្រោម៖
១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៧°C។ ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តដែលត្រូវប្រុងប្រយ័ត្នរួមមាន៖ បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង, ព្រៃវែង, តាកែវ, កណ្តាល និងរាជធានីភ្នំពេញ។
២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, មណ្ឌលគិរី, ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀង ១៥% ចំណែកខេត្តស្ទឹងត្រែង និងរតនគិរី គ្មានភ្លៀងធ្លាក់ទេ។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៧°C។ ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង, ព្រះសីហនុ, កំពត, កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់១០%។ រលកសមុទ្រកម្ពស់មធ្យមចន្លោះ ០,៥០ ទៅ ១,០០ម៉ែត្រ។
សូមសាធារណជនទាំងអស់ប្រុងប្រយ័ត្ន និងតាមដានព័ត៌មានបន្ថែមពីក្រសួងធនធានទឹក និងឧតុនិយមជាប្រចាំ៕
