រថយន្ត LEXUS បើកស្រវឹងបុកម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់១នាក់ រថយន្តឆាបឆេះយ៉ាងគួរឱ្យរន្ធត់នៅខណ្ឌច្បារអំពៅ

រថយន្ត LEXUS បើកស្រវឹងបុកម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់១នាក់ រថយន្តឆាបឆេះយ៉ាងគួរឱ្យរន្ធត់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ នាថ្ងៃទី១ ឧសភា ២០២៦ វេលាម៉ោង១នឹង៤០នាទីយប់អធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់១នាក់ និងរថយន្តឆាបឆេះខូចខាតយ៉ាងដំណំ នៅត្រង់ចំណុចមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក LEXUS NX350 ពណ៌ស ផ្លាកលេខ កម្ពុជា .VSP.2727 បានបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹង ទិសដៅពីកើតទៅលិច បានបុកម៉ូតូសណ្តោងរ៉ឺម៉កម៉ាក CITI PLUS ពណ៌ក្រហម (គ្មានស្លាកលេខ) ដែលកំពុងធ្វើដំណើរស្របទិសគ្នាពីខាងមុខ។

ក្រោយបុកជាប់ រថយន្តបានអូសម៉ូតូដើរទៅមុខបុកបង្គោលដងទង់ជាតិវត្តវាលស្បូវបាក់អស់៣ដើម និងបង្គោលស្លាកសញ្ញាចំណតរថយន្តក្រុង១ដើមទៀត ទើបរថយន្តឈប់។ ភ្លាមៗនោះ រថយន្តក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្តង។

រថយន្តឆាបឆេះ

បន្ទាប់មក រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ បានចេញមកបាញ់ទឹកពន្លត់ទាន់ពេលវេលា។

ជនរងគ្រោះ៖ អ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ (ភេទប្រុស)។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ មានឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ អ្នកបើកបររូបនេះ មិនបានបង្ហាញបណ្ណ័បើកបរឡើយ។

ការធ្វើតេស្តរកជាតិអាល់កុល បានបង្ហាញថា អត្រាជាតិអាល់កុលក្នុងខ្យល់ដង្ហើមមានកម្រិត 0.92Mg/L ពោលគឺហួសកម្រិតកំណត់ច្បាប់ដែលអនុញ្ញាត។

សមត្ថកិច្ចធ្វើការពិនិត្យ

សម្ភារខូចខាត៖ រថយន្ត១គ្រឿង (ឆេះអស់កំណាត់មុខ), ម៉ូតូសណ្តោងរ៉ឺម៉ក (ឆេះអស់ទាំងស្រុង), បង្គោលដងទង់ជាតិបាក់៣ដើម, បង្គោលស្លាកសញ្ញាចំណតរថយន្តក្រុងបាក់១ដើម។

មូលហេតុ៖ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង (ជាតិអាល់កុល 0.92Mg/L)។

បច្ចុប្បន្ន អ្នកបើកបររថយន្តខាងលើ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

administrator

Related Articles