សម្រុកបណ្ដេញជនបរទេសខុសច្បាប់ជាង ២,៦០០នាក់ មកពី ២៩ប្រទេស ចេញពីកម្ពុជា

សម្រុកបណ្ដេញជនបរទេសខុសច្បាប់ជាង ២,៦០០នាក់ មកពី ២៩ប្រទេស ចេញពីកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះថា ចាប់ពីថ្ងៃទី២០ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានបណ្ដេញចេញជនបរទេសសរុបចំនួន ២,៦៧១នាក់ (ស្រី៥៨៥នាក់) មកពី ២៩សញ្ជាតិផ្សេងៗគ្នា ដែលប្រព្រឹត្តបទល្មើសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិចិន ៣០៦នាក់ និងជនជាតិថៃ ៦៣៥នាក់ ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអន្តរជាតិសៀមរាបអង្គរ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរៀងៗខ្លួន។

បន្ថែមពីនេះ ជនបរទេសមួយចំនួនទៀត ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយពាក់ព័ន្ធនឹងបទល្មើសផ្សេងៗដូចជា លួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

ការបណ្ដេញចេញនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។

ក្នុងនោះ អាជ្ញាធរបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយធ្វើឱ្យពួកគេមានសេរីភាព និងអាចវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។

ដោយ៖ តារា

administrator

Related Articles