ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យកងកម្លាំងយ៉ាងតឹងរ៉ឹងលើ ពលបាលត្រី ហង្ស ចាន់រដ្ឋា ដោយដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិជាស្ថាពរ។
បើយោងតាមសេចក្ដីប្រកាសស្ដីពីការអនុវត្តទណ្ឌកម្មខាងវិន័យ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ពលបាលត្រី ហង្ស ចាន់រដ្ឋា អត្តលេខ ៦១៨២១ ជាមន្ត្រីនៃនាយកដ្ឋានសុខាភិបាល ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ប្រភពពីហ្វេសប៊ុកឈ្មោះ Sin Soriya បានបង្ហោះព័ត៌មានអំពីការក្លែងឯកសារមួយចំនួនរបស់លោក ហង្ស ចាន់រដ្ឋា ដែលពាក់ព័ន្ធនឹងការធ្វើកាតនគរបាលជាតិក្លែងក្លាយ និងតារាងប្រាក់ខែជូនដល់ខ្លួន។
គួររំលឹកថា ពលបាលត្រី ហង្ស ចាន់រដ្ឋា កាលពីពេលកន្លងទៅក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបន្ថយឋានន្តរស័ក្កិពី វរសេនីយ៍ឯក ឲ្យមកត្រឹមថ្នាក់ពលបាលត្រី ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិដូចគ្នា។ ការមិនកែខ្លួន និងប្រព្រឹត្តមិនរាងចាលនេះ នាំឲ្យក្រសួងមហាផ្ទៃត្រូវអនុវត្តវិន័យកងកម្លាំងក្រោមរូបភាពបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ។
ដោយ៖ សិលា
