ភ្នំពេញ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុកាល៣០ឆ្នាំ និងបានឆ្លងកាត់រដ្ឋមន្ត្រីក្រសួងព័ត៌មានចំនួន ៣រូប កំពុងជិតត្រូវបានតាក់តែងឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងជ្រៀតចូលក្នុងវិស័យសារព័ត៌មាន។

លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពី «AI ក្រមសីលធម៌ និងវិជ្ជាជីវៈ» កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ថា ច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៥ មាន ២១មាត្រា ដែលផ្តោតសំខាន់ទៅលើការបោះពុម្ពផ្សាយបែបបុរាណ ដោយពុំទាន់បញ្ចូលនូវបញ្ហាប្រឈមថ្មីៗ ដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គម និងព័ត៌មានក្លែងក្លាយជាដើម។

លោកបានគូសបញ្ជាក់ថា៖ «ច្បាប់អាយុ ៣០ឆ្នាំ អត់មានឯកសារអម អនុក្រឹត្យក៏មិនចេញ ប្រកាសក៏មិនចេញ វាមិនទាន់រឹងមាំទេ។ ឯកឧត្តមរដ្ឋមន្ត្រីកំពុងរៀបចំ អាចថាវិសោធនកម្ម ឬតាក់តែងឡើងវិញ ដើម្បីឱ្យវាគ្រប់ស្ថានការណ៍នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា»។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធឌីជីថល និងវឌ្ឍនភាពនៃបច្ចេកវិទ្យាទំនើប ជាពិសេស AI បានបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនក្នុងវិស័យព័ត៌មាន។ លោក ផុស សុវណ្ណ បានរម្លឹកថា ការជជែកគ្នាដើម្បីតាក់តែងច្បាប់នេះបានឆ្លងកាត់រដ្ឋមន្ត្រីចំនួន៣រូប តែនៅតែមិនទាន់ចេញជារូបរាង។

ទោះជាយ៉ាងណា ក្រោមអាណត្តិរាជរដ្ឋាភិបាលទី៧ ក្រសួងព័ត៌មានបានដឹកនាំក្រុមការងារនីតិកម្ម ពិនិត្យ និងពិភាក្សាជាមួយក្រុមអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើបច្ចុប្បន្នភាពច្បាប់នេះឱ្យស្របនឹងបរិបទឌីជីថល និងការលេចឡើងនៃ AI ដែលកំពុងជ្រៀតចូលក្នុងវិស័យព័ត៌មាន ព្រមទាំងការក្លែងព័ត៌មានតាមអេឡិចត្រូនិក និងបណ្តាញសង្គម៕

