សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ស្រែករកឆ្មបបន្ថែម ១លាននាក់ទូទាំងពិភពលោក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ស្រែករកឆ្មបបន្ថែម ១លាននាក់ទូទាំងពិភពលោក

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានចេញសារលិខិតដ៏កក់ក្តៅក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទថា «ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់»។

សម្តេចបានសម្តែងនូវក្តីសោមនស្សរីករាយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ លើកតម្កើងតួនាទីដ៏សំខាន់របស់ឆ្មប ដែលជាអ្នកគាំពារអាយុជីវិត និងសុខភាពស្ត្រីជាមាតា និងទារក។ សម្ដេចបានថ្លែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកសុខាភិបាលនៅជួរមុខ ជាពិសេសបងប្អូនឆ្មប ដែលលះបង់ដោយមោះមុត ពោរពេញដោយក្តីមេត្តាករុណា ជួយសង្គ្រោះអាយុជីវិតប្រជាជនរៀងរាល់ថ្ងៃ។

ឆ្មបកម្ពុជា

សម្តេចបានគូសបញ្ជាក់ថា ឆ្មបគឺជាស្នូលដ៏សំខាន់ក្នុងការធានាសុវត្ថិភាពមាតា និងទារក តាមរយៈការថែទាំអំឡុងពេលមានគភ៌ ជួយសម្រាលដោយសុវត្ថិភាព និងថែទាំក្រោយសម្រាល។ វិជ្ជាជីវៈនេះគឺជាការងារដ៏ឧត្តុង្គឧត្តម ជួយសង្គ្រោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់ក្រុមគ្រួសារ។

សេចក្តីអំពាវនាវជាសកលរកឆ្មបបន្ថែម ១លាននាក់ បានរំលឹកថា ការវិនិយោគលើឆ្មបគឺជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និងអនាគតសង្គមទាំងមូល។ សម្រាប់កម្ពុជា ការទទួលបានសេវាថែទាំដោយឆ្មបជំនាញនៅតាមសហគមន៍ជនបទ និងតំបន់ដាច់ស្រយាល គឺជាកត្តាសំខាន់បំផុត។

ឆ្មបកម្ពុជា

ប្រធានបទជាតិរបស់កម្ពុជាគឺ «ទទួលបានការអប់រំ មានសិទ្ធិសម្រេចចិត្ត និងជាអ្នកដឹកនាំ៖ ឆ្មបកម្ពុជាសម្រាប់មាតាគ្រប់រូប និងគ្រប់កំណើតទារកទាំងអស់» ដែលជាការឆ្លើយតបចំពោះតម្រូវការជាសកលនេះ។ សម្តេចបានស្នើសុំរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បន្តពង្រឹងប្រព័ន្ធសុខាភិបាល ជំរុញសេវាគ្របដណ្តប់សុខភាពជាសកល និងវិនិយោគបន្ថែមលើការបណ្តុះបណ្តាលមន្ត្រីជំនាញ គិលានុបដ្ឋាក និងឆ្មប។

កាកបាទក្រហមកម្ពុជា រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងសាខាទាំង ២៥ រាជធានី/ខេត្ត បានប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុខភាពមាតា ទារក កុមារ ការបង្ការជំងឺឆ្លង-មិនឆ្លង អនាម័យ ទឹកស្អាត និងឥរិយាបថវិជ្ជមាន។

ជាចុងក្រោយ សម្តេចបានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ឱ្យទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ សម្រាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានវេជ្ជបណ្ឌិត និងឆ្មបជំនាញ និងទទួលសេវាថែទាំក្រោយសម្រាលទាំងមាតា និងទារក ព្រមទាំងអំពាវនាវដល់បុរសជាស្វាមី ក្រុមគ្រួសារ សហគមន៍ និងដៃគូពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមគាំទ្រដល់ស្ត្រីមានផ្ទៃពោះ និងវិនិយោគលើការពង្រឹងសមត្ថភាពឆ្មប ដើម្បីរួមចំណែកដោះស្រាយបញ្ហាកង្វះឆ្មប ១លាននាក់ទូទាំងពិភពលោក៕

ដោយ៖ តារា

administrator

Related Articles