ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦ នាក់។

ពិធីនេះ ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីជំរុញការងារមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងក្រើនរំលឹកដល់មន្ត្រីបង្កើនការយកចិត្តទុកដាក់លើភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជំរុញសក្តានុពលវិស័យកសិកម្ម តាមរយៈការពង្រាយមន្ត្រីកសិកម្មតាមឃុំ-សង្កាត់ ដើម្បីណែនាំបច្ចេកទេសដល់ប្រជាកសិករ។ បច្ចុប្បន្នខេត្តមានផ្ទៃដីបង្កបង្កើនផល ១២១.១៧៣ ហិកតា ទិន្នផល ៤០៧.៣៣០ តោន ដំណាំឧស្សាហកម្មដូចជាស្វាយកែវរមៀត ៦៤.០៣៧ ហិកតា អំពៅ ៥២.០០០ ហិកតា និងកសិដ្ឋានចិញ្ចឹមសត្វ ៤៦២ កន្លែង ដែលគិតជាទឹកប្រាក់សរុបលើសពី ៣៥០ លានដុល្លារ/ឆ្នាំ។

លោកអភិបាលខេត្តបានឱ្យដឹងទៀតថា វិស័យឧស្សាហកម្មក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឆ្នាំ២០២៥ ទទួលបានគម្រោងវិនិយោគក្រោម ៥ លានដុល្លារ ១២៦ គម្រោង និងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ១៣០ គម្រោង។ គិតត្រឹមខែមេសា ២០២៦ ខេត្តទទួលបាន ៣៥ គម្រោងបន្ថែមទៀត។ បច្ចុប្បន្នខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ២ កន្លែង សួនឧស្សាហកម្ម ៩ កន្លែង និងរោងចក្រសហគ្រាស ១.៦១៨ កន្លែង ស្រូបកម្លាំងពលកម្ម ៣២៧.១៩៣ នាក់។

ទំហំសេដ្ឋកិច្ចខេត្តមាន ២.៦០៥ លានដុល្លារ និង GDP សម្រាប់មនុស្សម្នាក់ៗ ២.៧០២ ដុល្លារ (ទិន្នន័យឆ្នាំ២០២៤)។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលបានមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការរួមគ្នារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់ទង្វើបង្កចលាចលក្នុងសង្គម។

សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ចៀសវាងបង្កបញ្ហានាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ។

សម្តេចក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការបង្ក្រាបបទល្មើសដូចជា ចោរឆក់ ចោរប្លន់ គ្រឿងញៀន និងជាពិសេសអំពើឆបោកតាមអនឡាញ (Online Scam)។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ស្ពឺ ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តឱ្យទទួលបានការរីកចម្រើនជាបន្តបន្ទាប់ រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ៕






ដោយ៖ សិលា
