អាជ្ញាធរខណ្ឌដូនពេញ ចុះរុះរើស្លាកយីហោដាក់រូបព្រះយូឡាយលាយរូបយក្ស ពលរដ្ឋរិះគន់ថាមិនសមរម្យ

អាជ្ញាធរខណ្ឌដូនពេញ ចុះរុះរើស្លាកយីហោដាក់រូបព្រះយូឡាយលាយរូបយក្ស ពលរដ្ឋរិះគន់ថាមិនសមរម្យ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ បានចុះទៅរុះរើស្លាកយីហោហាងមួយកន្លែង ដែលរកស៊ីចាក់សាក់ កក់សក់ ធ្វើក្រចក… ស្ថិតនៅក្បែរហាង One More បឹងកក់ ក្រោយពីមានការរិះគន់ពីសាធារណជនថា ការដាក់តាំងរូបភាពមិនសមរម្យ សម្រាប់ក្រសែភ្នែកក្នុងសង្គមកម្ពុជា។

ហាងចាក់សាក់បឹងកក់

ក្នុងឱកាសចុះរុះរើស្លាកយីហោនេះ ស្ត្រីម្ចាស់ហាង ក៏បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរខណ្ឌ ដោយយល់ព្រមរុះរើស្លាកចាស់ និងដាក់រូបភាពថ្មីឡើងវិញ ដែលជារូបភាពសមរម្យ ព្រមទាំងសន្យាថា លែងដាក់រូបភាពណា ដែលមានលក្ខណៈមិនសមរម្យទៀតនោះឡើយ។

រូបភាពស្លាកហាង

សម្រាប់ហាងមួយនេះ ការសរសេរអក្សរខ្មែរធំៗ និងដាក់លើអក្សរចិន គឺបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរ តែមានការឆ្ងល់ពីរូបម្ខាងជាព្រះយូឡាយ និងម្ខាងទៀតរូបយក្ស ឬរូបបីសាច។

រូបព្រះយូឡាយនិងរូបយក្ស

តាមការបញ្ជាក់របស់បងប្អូនមួយចំនួនដែលដឹងពីវប្បធម៌ចិន បានបញ្ជាក់ថា រូបភាពកាត់បញ្ចូលគ្នានេះ គេថាជាសិល្បៈ និងការពេញនិយមរបស់ជនជាតិចិន តែបងប្អូនមួយចំនួនទៀត ចាប់អារម្មណ៍លើសណ្តាប់ធ្នាប់នៃរូបភាពដែលត្រូវដាក់តាំងបង្ហាញជាសាធារណៈនៅក្នុងសង្គមយើង។

អាជ្ញាធរចុះរុះរើស្លាកហាង

ការតាំងរូបព្រះមួយអង្គដែលជានិមិត្តរូបនៃការគោរព លាយជាមួយរូបភាពដែលបង្ហាញពីតួអាក្រក់ (រូបយក្ស ឬរូបបីសាច) គឺមិនសមរម្យលើក្រសែភ្នែករបស់ពលរដ្ឋយើង ដែលកាន់សាសនាព្រះពុទ្ធឡើយ។

ទិដ្ឋភាពហាងបឹងកក់

កិច្ចសន្យារវាងម្ចាស់ហាងនិងអាជ្ញាធរ

ដោយ៖ តារា

administrator

Related Articles