អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាល ឬតុលាការទេ!

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាល ឬតុលាការទេ!

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ថ្មីៗនេះក្រសួងសង្កេតឃើញមានសកម្មភាពមិនរៀបរយរបស់អ្នកសារព័ត៌មានមួយចំនួន ដូចជាការដណ្ដើមគ្នាថត សម្ភាសន៍ ប្រើពាក្យសម្ដីមិនសមរម្យ និងរំខានដល់ការងារសមត្ថកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។

អ្នកសារព័ត៌មាន

លោកអ្នកនាំពាក្យបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវគោរពដែនកំណត់នៃតួនាទីរបស់ខ្លួន។ លោកបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែ មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។ ក្នុងករណីមានបទល្មើស ឬគ្រោះថ្នាក់ចរាចរណ៍ អ្នកសារព័ត៌មានមិនត្រូវវិនិច្ឆ័យ ឬកាត់សេចក្ដីជំនួសសមត្ថកិច្ចឡើយ ពោលគឺមិនត្រូវអនុវត្តហួសដែននៃតួនាទីសារព័ត៌មាន។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ ក៏បានស្នើឱ្យអ្នកសារព័ត៌មានផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ មានគុណភាព ពិតប្រាកដ ច្បាស់លាស់ និងផ្ដល់សំឡេងដល់អ្នកពាក់ព័ន្ធទាំងអស់។ ការរាយការណ៍ត្រូវគោរពសិទ្ធិបុគ្គល ឯកជនភាព និងសេចក្ដីថ្លៃថ្នូរអ្នកដទៃ ជៀសវាងការប្រើពាក្យបង្ខិតបង្ខំ ឬដេញជម្រៀតសម្ភាសន៍ដោយគ្មានការអនុញ្ញាត។

លោកអ្នកនាំពាក្យបានបញ្ជាក់ថា ការរាយការណ៍ព័ត៌មានភ្ជាប់ជាមួយការទទួលខុសត្រូវ និងករណីយកិច្ចចំពោះសង្គម។ អ្នកសារព័ត៌មានត្រូវចងចាំថា រាល់ការផ្សាយរបស់ខ្លួនសុទ្ធតែមានឥទ្ធិពលដល់ការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ និងជៀសវាងសកម្មភាពហួសតួនាទី។

លោកសង្ឃឹមថា អ្នកសារព័ត៌មាននឹងយកចិត្តទុកដាក់ខ្ពស់លើការកែលម្អឥរិយាបថ និងពង្រឹងការអនុវត្តការងារឱ្យស្របតាមនិយាម និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់គុណតម្លៃសារព័ត៌មាន និងថែរក្សាសណ្ដាប់ធ្នាប់សង្គម៕

ដោយ៖ តារា

administrator

Related Articles