ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង និងព្រៃវែង បានសហការគ្នាឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ដែលមានអាការៈវិកលចរិក ពាក់ព័ន្ធករណីលួចម៉ូតូជាបន្តបន្ទាប់ នៅតាមបណ្តារាជធានី-ខេត្តនានា។

សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងនារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នេះថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤រសៀល សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានជនមិនស្គាល់អត្តសញ្ញាណបានលួចយកម៉ូតូ០១គ្រឿង ដែលបញ្ឈរនៅមុខផ្ទះដោយពុំបានដកសោចេញ យកទៅបាត់។

ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះស្រាវជ្រាវស៊ើបអង្កេតករណីខាងលើជាបន្ទាន់។

ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានចុះដល់កន្លែងកើតហេតុ និងស្រាវជ្រាវឆែកតាមរយៈកាមេរ៉ាសុវត្ថិភាព ក៏បានឃើញថា កាលពីម៉ោង១៣និង១៧នាទីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ មានបុរសវ័យចំណាស់ជិះកង់មក ក៏បានចូលយកម៉ូតូដែលមានសោស្រាប់ជិះចេញទៅពិតប្រាកដមែន។
កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងស្រុកទាំង០៨ ដើម្បីជួយស្វែងរក រហូតដល់ម៉ោង៦ល្ងាច មានប្រជាការពារម្នាក់បានរាយការណ៍មកសមត្ថកិច្ចថា មានម៉ូតូមានភិនភាគខាងលើ បញ្ឈរទុកចោលនៅតាមថ្នល់ ហើយសមត្ថកិច្ចប៉ុស្តិ៍សម្បត្តិមានជ័យក៏យកម៉ូតូនោះមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល។

លុះដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:០៧នាទី មេភូមិចំការកោះ ឃុំសម្បត្តិមានជ័យ បានរាយការណ៍សមត្ថកិច្ចថា មានជនសង្ស័យដដែរនោះ បានយកម៉ូតូរបស់ជនរងគ្រោះផ្សេងទៀត ជិះមកចូលស្រុកមេសាង ខេត្តព្រៃវែង រួចបញ្ឈរចោលនៅមុខសាលាវិទ្យាល័យមេសាង ទើបត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលជីផុច យកទៅរក្សាទុកនៅប៉ុស្តិ៍។ ជនសង្ស័យក៏បានយកម៉ូតូផ្សេងទៀត ជិះទៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បម្រុងទៅអ្នកលឿង ទើបសមត្ថកិច្ចរកឃើញឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្ន ម៉ូតូទាំងអស់បានប្រគល់ជូនម្ចាស់ដើមវិញរៀងៗខ្លួន រីឯជនជាតិវៀតណាមដែលមានជំងឺស្មារតីវិបល្លាសនោះ ខាងលើសមត្ថកិច្ចជំនាញខេត្តព្រៃវែង កំពុងកសាងសំណុំរឿងបន្តនីតិវិធីច្បាប់។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នកុំធ្វេសប្រហែសចំពោះវត្ថុមានតម្លៃ ក៏ដូចជាមធ្យោបាយធ្វើដំណើរនានា ដូចជាករណីខាងលើ គឺម្ចាស់ម៉ូតូទាំងអស់ពុំបានដកសោរចេញពីម៉ូតូនោះទេ ទើបធ្វើឲ្យជនសង្ស័យខាងលើមានឱកាសលួចជិះយកទៅបានយ៉ាងងាយស្រួល។
