ប្រទេសអង់គ្លេសបានក្លាយជារឿងរន្ធត់កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅនេះ នៅពេលដែលហេតុការណ៍ហិង្សាធ្ងន់ធ្ងរចំនួនបីបានកើតឡើងក្នុងរយៈពេលតែជាង ២៤ ម៉ោងប៉ុណ្ណោះ ដែលរាប់បញ្ចូលទាំងការបាញ់ប្រហារ ការចាក់សម្លាប់ និងការផ្ទុះផ្ទះដ៏សាហាវ បណ្តាលឱ្យមនុស្សយ៉ាងតិច ២ នាក់ស្លាប់ និងជាង ១០នាក់ទៀតរងរបួសធ្ងន់ស្រាល។

យោងតាមប្រភពព័ត៌មាន Sky News បានឱ្យដឹងថា ហេតុការណ៍ទីមួយបានកើតឡើងនៅតំបន់ Brixton ភាគខាងត្បូងទីក្រុងឡុងដ៍ នៅវេលាម៉ោង ១:១៤ ទាបភ្លឺ នៅពេលដែលជនសង្ស័យម្នាក់បានបើកឡាន ហើយបាញ់ប្រហារយ៉ាងចំហរលើអ្នកថ្មើរជើង បណ្តាលឱ្យមនុស្ស ៤ នាក់រងរបួស។ អាជ្ញាធរបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ បុរសអាយុ ២៥ឆ្នាំម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត រីឯជនរងគ្រោះ ៣នាក់ទៀតអាយុ ២១, ៤៧ និង ៧០ឆ្នាំ រងរបួសប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
គួរឱ្យរន្ធត់ជាងនេះទៅទៀត ក្រោយពេលកើតហេតុត្រឹមតែមួយម៉ោងប៉ុណ្ណោះ នៅវេលាម៉ោង ២:១៧ទាបភ្លឺ ប៉ូលីសបានទទួលរបាយការណ៍អំពីហេតុការណ៍ប្រើកាំបិតចាក់សម្លាប់គ្នាមួយទៀត នៅតាមផ្លូវ Acre Lane ក្បែរកន្លែងកើតហេតុដំបូង។ បុរសអាយុ ៣៣ឆ្នាំម្នាក់ត្រូវបានគេរកឃើញថាមានរបួសចាក់ច្រើ់កន្លែង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ូលីសទីក្រុងឡុងដ៍កំពុងស៊ើបអង្កេតថាតើឧប្បត្តិហេតុទាំងពីរនេះមានទំនាក់ទំនងគ្នាដែរឬទេ។
ស្របពេលជាមួយគ្នានោះដែរ យោងតាមទីភ្នាក់ងារ Reuters បានរាយការណ៍ថា ផ្ទះមួយខ្នងនៅតំបន់ Frenchay ទីក្រុង Bristol ភាគខាងត្បូងប្រទេសអង់គ្លេស បានផ្ទុះឡើងយ៉ាងខ្លាំងនៅព្រឹកថ្ងៃទី៣ ឧសភា ដោយបានសម្លាប់មនុស្ស២នាក់ និងរបួស៣នាក់ផ្សេងទៀត។ ប៉ូលីសកន្លែងកើតហេតុបានប្រកាសថានេះជា “ឧប្បត្តិហេតុធ្ងន់ធ្ងរ” ប៉ុន្តែបានច្រានចោលការភ្ជាប់ទំនាក់ទំនងទៅនឹងអំពើភេរវកម្ម។ សពរបស់បុរស និងស្ត្រីម្នាក់ត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ រីឯអ្នករបួសផ្សេងទៀត រួមមានទាំងកុមារម្នាក់ផងដែរ។

ប៉ូលីសទីក្រុងឡុងដ៍បានប្រកាសថា ខ្លួននឹងបង្កើនវត្តមានសន្តិសុខនៅតំបន់រងគ្រោះក្នុងរយៈពេលខាងមុខ និងបានអំពាវនាវឱ្យសាក្សី ឬអ្នកដែលមានរូបភាព និងវីដេអូពាក់ព័ន្ធ ប្រញាប់ទាក់ទងអាជ្ញាធរដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត៕
