ទីក្រុងតូក្យូ៖ សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បានរាយការណ៍ថា ជប៉ុនទើបតែទទួលបានការដឹកជញ្ជូនប្រេងឆៅពីរុស្ស៉ីជាលើកដំបូង បន្ទាប់ពីលំហូរផ្គត់ផ្គង់ប្រេងសកលត្រូវបានរាំងស្ទះយ៉ាងធ្ងន់ធ្ងរ ដោយសារការបិទច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលសង្គ្រាមអ៉ីរ៉ង់។
កប៉ាល់ដឹកប្រេងឆៅរបស់រុស្ស៉ីបានចតដល់ទីក្រុង Imabari ភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃចន្ទ។ គួរបញ្ជាក់ថា ជប៉ុនដែលពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ាសម្រាប់ការនាំចូលប្រេងប្រមាណ ៩៥% បានខិតខំធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួន ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឱ្យទីក្រុងតេហេរ៉ង់សម្រេចបិទខ្ទប់ច្រកសមុទ្រ Hormuz។
ក្រុមហ៊ុនប្រេងជប៉ុន Taiyo Oil បានទទួលសំណើពីក្រសួងសេដ្ឋកិច្ច ដើម្បីទទួលយកប្រេងរុស្ស៉ីនេះ ដែលនឹងត្រូវបញ្ជូនទៅកាន់រោងចក្រចម្រាញ់ ដើម្បីបំប្លែងទៅជាប្រេងសាំង និងផលិតផលផ្សេងៗទៀត។
កាលពីថ្ងៃចន្ទ ថ្លែងចេញពីទីក្រុងកង់បេរ៉ា ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងថា ការរឹតត្បិតលំហូរប្រេងជាសកល កំពុងជះផលប៉ះពាល់យ៉ាងធំធេងដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកស្រីបានបញ្ជាក់បន្ថែមថា ជប៉ុន និងអូស្ត្រាលី នឹងសហការឆ្លើយតបជាបន្ទាន់ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល។
គួររំលឹកថា ជាធម្មតាប្រេង និងឧស្ម័នប្រហែល ២០% របស់ពិភពលោកទាំងមូល ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយការបិទខ្ទប់រយៈពេលប៉ុន្មានខែនេះ បានធ្វើឱ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក៕

