អន្តរជាតិ ៖ រឿងអាស្រូវដ៏ធំមួយបានផ្ទុះឡើង នៅពេលដែលមន្ត្រីប៉ូលីសចំនួន ១៣ នាក់នៃនាយកដ្ឋានប៉ូលីសទីក្រុងវ៉ាស៊ីនតោនឌីស៊ី (MPD) ត្រូវបានដាក់ឱ្យឈប់សម្រាកផ្នែករដ្ឋបាល ហើយប្រឈមមុខនឹងការបណ្តេញចេញ បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរកឃើញថា ពួកគេបានរៀបចំទិន្នន័យឧក្រិដ្ឋកម្ម ដើម្បីធ្វើឱ្យទីក្រុងមើលទៅមានសុវត្ថិភាពជាងការពិត។
ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានចោទប្រកាន់ម្តងហើយម្តងទៀតថា ស្ថិតិឧក្រិដ្ឋកម្មរបស់ DC ត្រូវបានរៀបចំឡើង ដែលនេះជាហេតុផលមួយដែលលោកបានបញ្ជូនធនធានអនុវត្តច្បាប់សហព័ន្ធ និងឆ្មាំជាតិ ចូលទៅល្បាតនៅទីក្រុងកាលពីរដូវក្តៅមុន។ លោកធ្លាប់បានប្រកាសពី “ភាពអាសន្នផ្នែកឧក្រិដ្ឋកម្ម” និងចោទប្រកាន់ថា DC បានផ្តល់ “លេខឧក្រិដ្ឋកម្មក្លែងក្លាយ”។

លោក Jeffery Carroll អធិការប៉ូលីសបណ្តោះអាសន្ន បានប្រកាសពីការបញ្ចប់ការស៊ើបអង្កេតផ្ទៃក្នុងកាលពីថ្ងៃអង្គារ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិត។ លោកបញ្ជាក់ថា មន្ត្រីទាំង ១៣ នាក់ត្រូវបានដាក់ឱ្យឈប់សម្រាកផ្នែករដ្ឋបាល ដោយពួកគាត់ខ្លះធ្លាប់ឈប់សម្រាកសម្រាប់បញ្ហាផ្សេងពីមុនរួចហើយ។
ទោះយ៉ាងណា លោក Carroll ទទូចថា ឧក្រិដ្ឋកម្មនៅក្នុងស្រុកពិតជាបានធ្លាក់ចុះ ដោយឃាតកម្ម ការបាញ់ប្រហារ និងការប្លន់រថយន្តបានថយចុះជាលំដាប់ចាប់តាំងពីឆ្នាំ ២០២៣។
ការស៊ើបអង្កេតនេះ ត្រូវបានបញ្ជូនមក MPD ដោយការិយាល័យមេធាវីសហរដ្ឋអាមេរិក DC កាលពីដើមឆ្នាំនេះ។ គណៈកម្មាធិការត្រួតពិនិត្យសភាដឹកនាំដោយគណបក្សសាធារណរដ្ឋ ក៏បានចេញរបាយការណ៍ចោទប្រកាន់អតីតមេប៉ូលីស DC លោកស្រី Pamela Smith ថាបានដាក់សម្ពាធឱ្យមន្ត្រីក្រោមឱវាទរៀបចំទិន្នន័យ។ លោកស្រី Smith បានលាលែងពីតំណែងកាលពីខែធ្នូ ប៉ុន្តែបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។
ផ្ទុយទៅវិញ សមាជិកសភាប្រជាធិបតេយ្យបានចាត់ទុកការស៊ើបអង្កេតនេះថាជា “ការវាយប្រហារតាមការបញ្ជារបស់ប្រធានាធិបតី” ដោយអះអាងថា រដ្ឋបាលលោក Trump បានកុហកអំពីឧក្រិដ្ឋកម្ម ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការដាក់ពង្រាយកងទ័ពខុសច្បាប់។
លោក James Comer ប្រធានគណៈកម្មាធិការត្រួតពិនិត្យរបស់គណបក្សសាធារណរដ្ឋ បាននិយាយថា ការងារនៅមិនទាន់ចប់នៅឡើយទេ ហើយលោករំពឹងថានឹងទទួលបានរបាយការណ៍ផ្ទៃក្នុងរបស់ MPD ដើម្បីធានាថា អ្នកដែលទទួលខុសត្រូវនឹងត្រូវទទួលទណ្ឌកម្ម៕
ប្រភព ៖ (CNN)
