រដ្ឋសភាកម្ពុជាស្នើសហភាពអឺរ៉ុបបន្តជួយបច្ចេកទេសអភិវឌ្ឍដែនសមុទ្រ និងសន្តិសុខនាវាចរ

រដ្ឋសភាកម្ពុជាស្នើសហភាពអឺរ៉ុបបន្តជួយបច្ចេកទេសអភិវឌ្ឍដែនសមុទ្រ និងសន្តិសុខនាវាចរ

រាជធានីភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានអំពាវនាវទៅកាន់សហភាពអឺរ៉ុប សូមបន្តផ្តល់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ដើម្បីជួយអភិវឌ្ឍតំបន់សមុទ្រ កសាងសមត្ថភាពអនុវត្តច្បាប់សមុទ្រ និងពង្រឹងសន្តិសុខដែនសមុទ្រកម្ពុជា។

កិច្ចប្រជុំអន្តរសភាកម្ពុជា-អឺរ៉ុប

ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុប លើកទី៥ កាលពីថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងស្រាសបួរ ប្រទេសបារាំង ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងឯកឧត្តម Wouter Beke ប្រធានប្រតិភូសភាអឺរ៉ុបទទួលបន្ទុកទំនាក់ទំនងជាមួយអាស៊ី និងអាស៊ាន (DASE)។

គណៈប្រតិភូកម្ពុជានៅសភាអឺរ៉ុប

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗជាច្រើន រួមមាន ស្ថានភាពទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ គម្រោងអភិវឌ្ឍន៍ សភាពការណ៍តំបន់ និងពិភពលោក និងសិទ្ធិមនុស្ស។ សភាអឺរ៉ុបបានបញ្ជាក់ថា កម្ពុជាជាដៃគូដ៏មានតម្លៃ និងជាផ្នែកសំខាន់ក្នុងកិច្ចសហប្រតិបត្តិការតំបន់អាស៊ាន។

ឯកឧត្តម សួស យ៉ារ៉ា ថ្លែងក្នុងកិច្ចប្រជុំ

រដ្ឋសភាកម្ពុជាក៏បានជូនដំណឹងអំពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងស្នើឱ្យភាគីអឺរ៉ុបចូលរួមចែករំលែកព័ត៌មាន និងបច្ចេកទេសប្រយុទ្ធប្រឆាំងបទល្មើសនៅតាមកំពង់ផែ និងនាវា។

ទិដ្ឋភាពកិច្ចប្រជុំ

ចំណែកផ្នែកពាណិជ្ជកម្ម ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះទំហំពាណិជ្ជកម្មទ្វេភាគីជាង ៥,៨ ពាន់លានដុល្លារនៅឆ្នាំ២០២៥ កើនឡើង ១០,២%។ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ និងពិភាក្សាលទ្ធភាពផ្លាស់ប្តូរពាណិជ្ជកម្មក្រោយពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។

សមាជិកសភាអឺរ៉ុបចូលរួមកិច្ចប្រជុំ

លើសពីនេះ សភាអឺរ៉ុបបានសម្តែងការសោកស្តាយ និងព្រួយបារម្ភចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយដោយសន្តិវិធីតាមរយៈការទូត និងការចរចា ដោយគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់។

ថ្នាក់ដឹកនាំទាំងពីរថតរូបអនុស្សាវរីយ៍

កិច្ចប្រជុំអន្តរសភាទ្វេភាគីលើកទី៦ គ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា ដើម្បីបន្តពង្រឹងចំណងទំនាក់ទំនងទ្វេភាគីប្រកបដោយផលប្រយោជន៍ទៅវិញទៅមក៕

administrator

Related Articles