លោក Ted Turner ស្ថាបនិក CNN និងមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ បានទទួលមរណភាពក្នុងវ័យ ៨៧ឆ្នាំ

លោក Ted Turner ស្ថាបនិក CNN និងមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ បានទទួលមរណភាពក្នុងវ័យ ៨៧ឆ្នាំ

ពិភពប្រព័ន្ធផ្សព្វផ្សាយ និងសប្បុរសធម៌សកល កំពុងកាន់ទុក្ខចំពោះមរណភាពរបស់លោក Ted Turner ស្ថាបនិកសារព័ត៌មានខ្សែកាបឈានមុខគេលើពិភពលោក CNN និងជាអ្នកបង្កើតមូលនិធិអង្គការសហប្រជាជាតិ (UN Foundation) ក្នុងវ័យ ៨៧ឆ្នាំ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Turner Enterprises។

Ted Turner

លោក Turner ដែលកើតនៅរដ្ឋ Ohio និងមានរហស្សនាមថា «អ្នកវោហារនៃភាគខាងត្បូង» ដោយសារចរិតនិយាយត្រង់ៗរបស់លោក គឺជាបុគ្គលដែលបានធ្វើបដិវត្តន៍ឧស្សាហកម្មទូរទស្សន៍ តាមរយៈការបង្កើតបណ្តាញព័ត៌មាន ២៤ម៉ោងដំបូងគេនៅសហរដ្ឋអាមេរិក។ លោកក៏ជាម្ចាស់ក្រុមកីឡាអាជីព Atlanta Braves និងជាអ្នកបង្កើតរូបតុក្កតា Captain Planet ដើម្បីអប់រំកុមារអំពីបរិស្ថានផងដែរ។

ក្រៅពីអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ លោក Turner ក៏ជាអ្នកបើកទូកក្ដោងដ៏ល្បីល្បាញ ជាអ្នកសកម្មជនប្រឆាំងអាវុធនុយក្លេអ៊ែរ និងជាអ្នកអភិរក្សបរិស្ថានឈានមុខគេ។ នៅឆ្នាំ ១៩៩១ លោកត្រូវបានទស្សនាវដ្តី Time ដាក់ឈ្មោះជា «បុរសប្រចាំឆ្នាំ» (Man of the Year) សម្រាប់ឥទ្ធិពលរបស់លោកទៅលើព្រឹត្តិការណ៍ពិភពលោក។

លោក Mark Thompson ប្រធាន និងជានាយកប្រតិបត្តិនៃ CNN Worldwide បានថ្លែងថា៖ «លោក Turner គឺជាអ្នកដឹកនាំដែលមានការប្តេជ្ញាចិត្ត ក្លាហាន និងមិនភ័យខ្លាច។ គាត់គឺជាស្មារតីដឹកនាំរបស់ CNN»។ ចំណែកលោក Wolf Blitzer អ្នកសារព័ត៌មានជើងចាស់របស់ CNN បានលើកឡើងថា លោក Turner ប្រៀបដូចជារឿងព្រេងនិទាន ដែលបានធ្វើបដិវត្តន៍ទូរទស្សន៍ ហើយអ្វីដែលពួកគេកំពុងធ្វើសព្វថ្ងៃនេះ គឺដោយសារលោក Ted។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ លោក Turner បានបង្ហាញថាលោកកំពុងប្រឈមនឹងជំងឺភ្លេចភ្លាំង Lewy body dementia។ លោកបានបន្សល់ទុកកូន ៥នាក់ ចៅ ១៤នាក់ និងចៅទួត ២នាក់៕

administrator

Related Articles