រដ្ឋបាលលោក ដូណាល់ ត្រាំ បានចេញយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីមួយ ដោយចោទប្រកាន់អឺរ៉ុបថាជា«កន្លែងបណ្ដុះភេរវកម្ម» ដែលបណ្ដាលមកពីការធ្វើចំណាកស្រុកទ្រង់ទ្រាយធំ។
លោក Sebastian Gorka ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន បានឲ្យដឹងថា លោក ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រនេះកាលពីថ្ងៃអង្គារ ដោយផ្ដោតលើការលុបបំបាត់ការគំរាមកំហែង និងធ្វើឲ្យចុះខ្សោយបណ្ដាញជួញដូរគ្រឿងញៀន។

យុទ្ធសាស្ត្រនេះក៏ផ្ដោតលើការលុបបំបាត់ក្រុមជ្រុលនិយមឆ្វេងដែលប្រើហិង្សា ព្រមទាំងដាក់បណ្ដាញជួញដូរគ្រឿងញៀនឲ្យស្ថិតនៅចំកណ្ដាលកិច្ចខិតខំប្រឆាំងភេរវកម្ម។
ឯកសារនេះបានគូសបញ្ជាក់ថា ក្រុមអរិភាពកំពុងឆ្លៀតឱកាសពី«ការបើកចំហព្រំដែន» និង«មនោគមវិជ្ជាសកលភាវូបនីយកម្ម» របស់អឺរ៉ុប ហើយដរាបណា«ឥទ្ធិពលវប្បធម៌បរទេស» បន្តរីកដុះដាល ហានិភ័យភេរវកម្មនឹងនៅតែមានជាដាច់ខាត។
ទោះជាយ៉ាងណា ភាសាធ្ងន់ៗបំផុតក្នុងយុទ្ធសាស្ត្រនេះ គឺបម្រុងទុកសម្រាប់អឺរ៉ុប ដែលជាទ្វីបផ្ទុកសម្ព័ន្ធមិត្តអាមេរិកជាច្រើន ហើយកំពុងក្លាយជាគោលដៅវាយប្រហាររបស់រដ្ឋបាលលោក ត្រាំ ម្ដងទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
